(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រគល់កិត្តិយសនៃពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» ដែលសម្តេចនឹងទទូលបាននៅចុងសប្តាហ៍នេះ ជូនដល់ប្រជាពលរដ្ឋដែលគាំទ្រ គោលនយោបាយរបស់សម្តេច។ សម្តេចថា ពានរង្វាន់នេះ រហូតដល់បច្ចប្បន្ន មានមនុស្ស៤នាក់ប៉ុណ្ណោះដែលទទួលបាន ហើយបើរាប់ពីមេដឹកនាំវិញ សម្តេចគឺជានាយករដ្ឋមន្រ្តីទី៣ ដែលទទួលបានពានរង្វាន់ «សមិទ្ធផលអមតៈអាស៊ាន» បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តីឆ្នើមរបស់ សិង្ហបុរី និងម៉ាឡេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អ្នកដែលទទួលមុនខ្ញុំព្រះករុណាខ្ញុំ ដោយមិនរាប់ ស៊ូតង់ របស់ម៉ាឡេស៊ី មាននាយករដ្ឋមន្រ្តី២រូប បានទទួលបាន ពានរង្វាន់នេះ គឺអតីតនាយករដ្ឋមន្រ្តី សាំងហ្គាព័រ លី ក្វាន់យូវ និងអតីតនាយករដ្ឋមន្រ្តី មហាម៉េត របស់ម៉ាឡេស៊ី ដូច្នេះបើគិតទាំង ស៊ូតង់ ផងខ្ញុំព្រះករុណាខ្ញុំ គឺជាមនុស្សទី៤ ដែលទទួលនូវពានរង្វាន់នេះ ប៉ុន្តែបើគិតពីមេដឹកនាំរដ្ឋ ខ្ញុំព្រះករុណាខ្ញុំ គឺជាមនុស្សទី៣»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៤ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេ​ចនឹងចេញទៅទទួលយកពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» នៅប្រទេសឡាវដែលជាប្រធានអាស៊ាន នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ហើយនឹងត្រឡប់មកវិញនៅថ្ងៃអាទិត្យ។

ពានរង្វាន់ «អាស៊ានសមិទ្ធផលអមតៈ» នឹងត្រូវប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក តាន់ស្រ្តី ម៉ៃឃិលយ៉ូស ប្រធានវេទិកាភាពជា អ្នកដឹកនាំអាស៊ាន និងជានាយកប្រតិបត្តិនៃវិទ្យាល័យយុទ្ធសាស្រ្ត និងភាពជាអ្នកដឹកនាំអាស៊ី។

គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមទទួលយកពានរង្វាន់នេះ ក៏ដូចជាធ្វើទស្សនកិច្ចនៅប្រទេសឡាវ រួមមាន លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួង ការពារជាតិ, លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច , ឧបនាយករដ្ឋមន្រ្តី ប៉ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត៕

សូមទស្សនា និងស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖