(សេអ៊ូល)៖ រដ្ឋាភិបាលកាណាដា បានអំពាវនាវប្រជាជនខ្លួនឯងឲ្យគិតគូឡើងវិញ ប្រសិនបើចង់ធ្វើដំណើរទៅ ប្រទេសកូរ៉េខាងជើង ដែលនេះជាការព្រមានចំពោះ «ហានិភ័យធ្ងន់ធ្ងរ ដែលអាចកើតមានឡើង» សម្រាប់អ្នកចូល ទៅកាន់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នាព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាលកាណាដា បានធ្វើការកំណត់ប្រទេសកូរ៉េខាងជើង ជាទីតាំងមួយដែលប្រជាជនកាណាដា គួរចៀសវាងក្នុង ការធ្វើដំណើរឆ្លងកាត់ ឬកម្សាន្ត។ ការហាមប្រាមនេះ ក៏មានចេញផ្សាយនៅក្នុងតារាងព័ត៌មានទេសចរណ៍ក្នុង រដ្ឋធានី Ottawa ផងដែរ។ បន្ថែមពីលើប្រទេសកូរ៉េខាងជើងនេះ គឺប្រទេសស៊ីរី និងម៉ាលី ក៏ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ដែលប្រជាជនគួរចៀសវាងកុំធ្វើដំណើរទៅកាន់ទីនោះផងដែរ។

គួរបញ្ជាក់តាមវិទ្យុ RFA ថា ការសម្រេចរបស់កាណាដា ខាងលើនេះបានធ្វើឡើងបន្ទាប់ពី ខ្លួនបានសម្លឹងមើលឃើញ នូវការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ហើយដោយឡែកសកម្មភាពនៃរបបដឹកនាំប្រទេសនោះក៏ បាននិងកំពុងបង្កឲ្យមានការព្រួយបារម្ភខ្លាំងពីសុវត្ថិភាពផងដែរ។ ភាពតានតឹងរវាងទំនាក់ទំនងកូរ៉េខាងជើង និងកាណាដា ក៏មានភាពតានតឹងផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕