(ភ្នំពេញ)៖ កម្ពុជា បានស្នើឱ្យអូស្រ្តាលីបន្តជួយបណ្ដុះបណ្ដាលពីនីតិវិ​ធីដោះស្រាយ​វិវាទការងារដល់​ក្រុមបច្ចេកទេស ដើម្បីបញ្ចប់​ការចងក្រង​ច្បាប់ស្ដីពី​នីតិវិធីការងារ សម្រាប់ដំណើរ​ការតុលាការ​ការងារក្នុង​ប្រទេសកម្ពុជា។

សំណើនេះ ត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតថ្មីអូស្រ្តាលីប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។

ក្រោយពីបញ្ចប់ជំនួបខាងលើលោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា «តាមរយៈកម្មវិធីរបស់អង្គការ ILO នាពេលថ្មីនេះ កម្ពុជា បានបញ្ជូនក្រុមប្រតិភូបច្ចេកទេសមួយក្រុម​ទៅប្រទេស​អូស្រ្តាលី ដើម្បីសិក្សាពីប្រព័ន្ធដោះស្រាយវិវាទការងារ ហើយក្រសួងបានស្នើទៅរដ្ឋាភិបាលអូស្រ្តាលី ឱ្យបន្តការងារនេះ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុង​យកបទពិសោធន៍ទាំងនោះ មករៀបចំចងក្រងទៅជាច្បាប់ស្ដីពីនីតិវិធីការងារ សម្រាប់ដំណើរការតុលាការការងារក្នុងប្រទេសកម្ពុជា»

ក្រៅពីសំណើខាងលើនេះ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានស្នើទៅប្រទេសអូស្រ្តាលី ទទួលកម្មករកម្ពុជាបន្ថែមទៀត ដើម្បីទៅធ្វើការងារតាមរដូវកាលនៅទីនោះ ដោយសារនៅអូស្រ្តាលី មានលក្ខខណ្ឌ​ការងារល្អ និងប្រាក់ឈ្នួលខ្ពស់។ លោករដ្ឋមន្រ្តី ក៏បានដាក់សំណើនេះ ទៅរដ្ឋាភិបាលអូស្រ្តាលី រួចហើយផងដែរ។

ឆ្លើយតបនឹងការស្នើខាងលើ លោកស្រី Angela Corcoran បានបញ្ជាក់ថា លោកស្រីនឹងពាំនាំសំណើទាំងនេះ ទៅប្រាប់ដល់រដ្ឋាភិបាលអូស្រ្តាលីរបស់លោកស្រី ដើម្បីពិនិត្យពិភាក្សាលើការងារនេះ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់ល្អថែមទៀត៕