(ភ្នំពេញ)៖ កញ្ញា ហង់ ម៉ារិនី ជាយុវតីកម្ពុជាមួយរូបនៅកម្ពុជា ដែលទទួលបានការគាំទ្រខ្លាំង ក្នុងបណ្តាញសង្គម Facebook តាមរយៈ សកម្មភាពមនុស្សធម៌របស់កញ្ញាចាប់តាំងពីឆ្នាំ២០១៣មក។ សកម្មភាពមនុស្សធម៌ នៅក្នុងសង្គមរបស់កញ្ញា ជាពិសេសការចែកអាហារ បានធ្វើឲ្យកញ្ញាដណ្តើម បានជយលាភីលេខ១ ចំនួនពីលើកពីកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលបង្កើតឡើងដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

កញ្ញា ហង់ ម៉ារិនី តែងបានចូលរួមធ្វើសកម្មភាពមនុស្សធម៌ នៅក្នុងសង្គម ដោយតែងបានចុះជួយកុមារអនាថា ជនទីទ័លក្រ និងទុរគតជននៅតាមទីជនបទ តាមរយៈផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងការជួយសាងសង់លំនៅឋានផងដែរ។

វីដេអូស្តីពីសកម្មភាពផ្តល់អាហារដោយឥតគិតថ្លៃជូនដល់អ្នកសុំទាន ក្មេងអនាថា ចាស់គ្មានទីពឹង បានធ្វើឲ្យកញ្ញា ហង់ ម៉ានិរី ទទួលជ័យលាភីលេខ១ នៅក្នុងកម្មវិធី «យុវជនគំរូកម្ពុជា» រួចម្តងទៅហើយ។ ជាមួយការចូលរួមប្រកួតប្រជែង ជាលើកទី២ នៅក្នុងវគ្គទី៦ ដែលជាវគ្គពិសេសនោះ វីដេអូបង្ហាញពីការនាំអ្នកសុំទាន កុមារអនាថា ទុរគតជន និងចាស់គ្មានទីពឹង ទៅស្គាល់រសជាតិភីហ្សា និងផ្លូវមាន់ ក៏បានធ្វើឲ្យកញ្ញា ហង់ ម៉ារិនី ដណ្តើមបានជយលាភី ជាថ្មីម្តងទៀត។ ជយលាភីត្រូវបានប្រគល់ជូន ដល់ផ្ទាល់ដៃពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ម្សិលមិញនេះ។

ជាមួយសំណួរថា មូលហេតុអ្វីបានជានាំចាស់ៗចូលហាងហូបភីហ្សា និងផ្លៅមាន់ កញ្ញា ហង់ ម៉ារិនី យុវតីខ្មែរ ដ៏តូចច្រឡឹង និងស្រស់សោភា បានប្រាប់ Fresh News ក្នុងពិធីទទួលរង្វាន់នៅថ្ងៃអាទិត្យ ទី០១ ខែសីហា ម្សិលមិញថា កម្មវិធីចែកភីហ្សានេះធ្វើឡើង ដើម្បីបំពេញបំណងដូនចាស់ម្នាក់ រួមនិងចៅរបស់គាត់រស់គ្មានទីពឹង ហើយចង់ស្គាល់រសជាតិនំភីហ្សា ដែលគាត់គិតថា ក្នុងជីវិតរបស់គាត់គ្មានលទ្ធភាពបានភ្លក្សនោះឡើយ។

ជាមួយទឹកមុខញញឹមញញឹម ម៉ារិនី បានបញ្ជាក់ថា «ការធ្វើភីហ្សានេះឡើង ពួកខ្ញុំធ្លាប់ចុះចែកបាយយប់ឡើង ដល់ប្រជាជននៅតាមសំយ៉ាបផ្ទះ អត់មានផ្ទះនៅ អត់មានអាហារហូបហ្នឹង គឺបាយមួយកញ្ចប់ និងទឹកមួយដប ហើយនៅពេលហ្នឹងមានលោកយាយម្នាក់ និងចៅមួយ ខ្ញុំបានសួរគាត់ថា លោកយាយចង់ហូបអី ចង់ពិសារអីជាងគេ? គាត់ថា ចង់ហូបភីហ្សា ហើយទទួលថ្ងៃណុងថ្ងៃ១៤ កុម្ភៈ អីចឹងខ្ញុំចង់ចែករំលែកក្តីស្រឡាញ់ ក៏ដូចជា ភាពកក់ក្តៅហ្នឹងទៅដល់គាត់ទាំងអស់គ្នា»

កញ្ញា ហង់ ម៉ារិនី បានចាត់ទុកសកម្មភាពមនុស្សធម៌ គឺជាសកម្មភាពមួយ ដ៏ល្អនៅក្នុងសង្គម ហើយកញ្ញាបានអំពាវនាវដល់យុវជន ក៏ដូចជាអ្នកមានធនធាន និងលទ្ធភាពនៅកម្ពុជា ចូលរួមធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ ហើយក៏ជាការចូលរួម ចំណែកជួយសង្គមជាតិ។

ម៉ារិនី ក៏បានប្រកាសផងដែរថា កញ្ញា នឹងយកថវិកា ព្រមទាំងរង្វាន់ម៉ូតូទៅលក់យកថវិកា ហើយយកទៅបរិច្ចាគក្នុងសកម្មភាពមនុស្សធម៌ទាំងអស់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ក្នុងបំណង់លើកទឹកចិត្តដល់យុ វជនទាំងអស់ចូលរួមធ្វើសកម្មភាពមនុស្សធម៌ និងទង្វើល្អនៅក្នុងសង្គម។ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក កម្មវិធីនេះ បានធ្វើការប្រកួតប្រជែងចំនួន ៦វគ្គមកហើយ។ វគ្គទី៦ ដែលជាវគ្គពិសេសនេះ ជយលាភីលេខ១ បានទៅលើកញ្ញា ហង់ ម៉ារិនី លេខ២ បានទៅលើ តារាសម្តែង លោក ជា សុវណ្ណរិទ្ធ និងលេខ៣ បានទៅលើ ឃឹម សុចន្ទ័វិរៈ។

សម្រាប់ជយលាភីលេខ១ ទទួលបានម៉ូតូមួយគ្រឿង អាវកីឡាមួយឈុត អាវយុវជនគំរូមួយ បណ្ណយុវជនគំរូមួយ, ជយលាភីលេខ២ ទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង អាវកីឡាមួយឈុត អាវយុវជនគំរូមួយ បណ្ណយុវជនគំរូមួយ, ជយលាភីលេខ៣ ទទួលបាន i-Pad មួយគ្រឿង អាវកីឡាមួយឈុត អាវយុវជនគំរូមួយ បណ្ណយុវជនគំរូមួយ។ ជយលាភីពីលេខ១ ដល់លេខ១០ ទទួលបានថវិកាម្នាក់មួយ លានផងដែរ។

កញ្ញា ហង់ ម៉ារិនី បានហៅការបង្កើតកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» គឺជាកម្មវិធី ដ៏ល្អសម្រាប់យុវជនបានបង្ហាញនូវទឹកចិត្ត និង សកម្មភាពមនុស្សធម៌នៅក្នុងសង្គម ហើយក៏ជាការជំរុញឲ្យយុវជនរួមគ្នា ធ្វើសកម្មភាពល្អជាគំរូនៅក្នុងសង្គមផងដែរ៕