(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងសមត្ថកិច្ច និងមន្រ្តីក្រោមឱវាទ វាយកម្ទេចចោលទូហ្គេមមួយចំនួនធំ និងបង្ហាញរបាយការណ៍បូកសរុប ដែលបង្ក្រាបបាន នាពេលកន្លងមក ដើម្បីព្រមានដល់អ្នកដែលកំពុងត្រៀម លបលួចបើកក៏ដូចជា ព្រមានដល់ម្ចាស់ទីតាំងផ្សេងៗទៀត ដែលកំពុងប្រព្រឹត្តលួចបើកល្បែងហ្គេម បាញ់ត្រីទាំងនេះ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដោយឲ្យផ្អាកជាបន្ទាន់។

ការវាយទម្ទេចទូហ្គេមទាំងនេះ ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ ធ្វើឡើងនៅចំណុចច្រាំងទន្លេ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ពិធីនេះក៏មានការចូលរួមពី អភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ លោក ទៀង ច័ន្ធសារ អធិការនគរបាលខណ្ឌឫស្សីកែវ ចៅសង្កាត់ មេប៉ុស្ដិ៍ទាំង៦ និងប្រជាការពារក្នុងខណ្ឌ ក្រុមយុវជនស.ស.យ.ក និង អ.ម.ត សិស្សានុសិស្ស ក្រុមកាយរិទ្ធិវិទ្យាល័យឫស្សីកែវ សរុបជិត ២០០នាក់ផងដែរ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបង្ហាញរបាយការណ៍បូកសរុប ដែលកម្លាំងនគរបាលមូលដ្ឋាន បានបើកកិច្ចសហប្រតិបត្តិការបង្ក្រាបល្បែង នាពេលកន្លងមកដូចជា ល្បែងប្រភេទហ្គេមបាញ់ត្រី បង្ក្រាបបាន២១ករណី កន្ទុយលេខ៣២ករណី អាប៉ោង៦ករណី ចាក់បាល់៤ករណី បញ្ជល់មាន់៤ករណី និងល្បែងឡុកឡាក់គ្រាប់អំពិល២ករណី ព្រមទាំងស្ទូចប្រេងកូឡា ៦ករណី។

ជាមួយគ្នានេះលោក ជា ពិសី បានថ្លែងថា ដើម្បីព្រមានដល់បុគ្គលដែលត្រៀម បើកល្បែងក៏ដូចជា ម្ចាស់ទីតាំងដែលកំពុងបន្តសកម្មភាព លួចប្រព្រឹត្តបើកល្បែងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ត្រូវផ្អាកបញ្ឈប់ជាបន្ទាន់ បើមិនដូច្នេះក្រោយអាជ្ញាធរមូលដ្ឋាន រកឃើញ នឹងចាត់វិធានការរដ្ឋបាលដើម្បីបង្ក្រាបឲ្យខានតែបាន គឺដើម្បីអនុវត្តន៍ឲ្យបាននូវ គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៩ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីឆ្លើយតបទៅ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ទាំងមូលលើបញ្ហាសន្តិសុខសុវត្ថិភាពផ្សេងៗដែលអាចប្រឈម និងបទល្មើសកើតមានឡើង ក៏ព្រោះតែល្បែងស៊ីសងទាំងនេះ។

លោក ជា ពិសី បានបន្តថា ដើម្បីពង្រឹងបន្ថែមលើបញ្ហាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកទឹកចិត្តដល់កងកម្លាំង ប្រដាប់អាវុធក្នុងមូលដ្ឋាននោះ លោកបានប្រគល់នូវថវិកា ចំនួន ៤លានរៀល ជូនដល់លោក ទៀង ច័ន្ទសារ អធិការនគរបាល ខណ្ឌឫស្សីកែវ ផងដែរដែលបានខិតខំ ដឹកនាំកម្លាំងចុះបង្ក្រាប ល្បែងស៊ីសង៕