(អង់ការ៉ា)៖ ទីបំផុតកងយោធាដែលរដ្ឋាភិបាលចង់ចាប់ខ្លួនបំផុតនោះ ត្រូវបានអាជ្ញាធរតាមប្រមាញ់បានសម្រេច ហើយនៅតំបន់ Marmaris ដែលពួកគេទាំងនេះ ជាកម្លាំងដែលត្រូវបានរៀបចំទុកជាស្រេច ដើម្បីចាប់ខ្លួន ប្រធានាធិបតីលោក Recep Tayyip Erdogan ក្នុងពេលយប់កើតមានរដ្ឋប្រហារនៅថ្ងៃទី១៥-១៦ ខែកក្កដា។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ BBC នារសៀលថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០១៦។

រំលឹកដល់ថ្ងៃកើតមានរដ្ឋប្រហារយោធាដ៏បង្ហូរឈាមនោះ លោក Erdogan បានកំពុងស្ថិតនៅទីកន្លែងសម្រាកលំហែកាយមួយ នៅភាគនិរតីប្រទេស ប៉ុន្តែលោកបានចាកចេញទាន់ពេលវេលា មុនពេលដែលកងកម្លាំងធ្វើរដ្ឋប្រហារ ចាប់ផ្តើមឡោមព័ទ្ធតំបន់នោះ ដើម្បីចាប់រូបលោក។
កងកម្លាំងពិសេសខាងលើនេះដែរ ត្រូវបានយោធាតួកគីចាប់បានទាំងក្រុម នៅក្នុងព្រៃមួយនៃតំបន់កៀកឆ្នេរសមុទ្រ Marmaris ភាគនិរតី ប្រទេសតួកគី។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារដួលរលំមកលោក Erdogan និងមន្ត្រីដែលស្មោះត្រង់នឹងលោកបានចាប់ផ្តើម យុទ្ធនាការក្តៅទ្រង់ទ្រាយធំ ដើម្បីតាម ចាប់ខ្លួន, ឃុំឃាំង, និង ដកចេញពីតំណែង ចំពោះមន្ត្រីពាក់ព័ន្ធគ្រប់ស្ថាប័ន ហើយដោយឡែកការចាប់បានយោធា ដែលត្រូវបានបញ្ជាឲ្យចាប់ខ្លួនលោក Erdogan ពេលនេះនឹងនាំឲ្យរដ្ឋាភិបាលតួកគីដឹងកាន់តែច្បាស់អំពី ក្រុមដែលបានចូលដៃ និងមេខ្លោងក្រោយរដ្ឋប្រហារ៕