(ត្បូងឃ្មុំ)៖ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុវជនពីមួយជំនាន់ទៅមួយជំនាន់គឺជាឆ្អឹងខ្នង និងជាស្នូលរបស់គណបក្ស។ លោកបន្តថា យុវជនជំនាន់មុនបានដើរតួយ៉ាងសំខាន់​ ក្នុងការសង្គ្រោះជីវិត ប្រជាជនការពារប្រជាជន និងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនមកដល់សព្វថ្ងៃ។ ដូច្នេះយុវជនជំនាន់នេះត្រូវរក្សាស្នាដៃ សន្តិភាព ស្ថេរភាពសង្គម និងសមិទ្ធិផលនានាដែលយុវជនជំនាន់មុនបានបន្សល់ទុក សម្រាប់យុវជនជំនាន់ក្រោយៗ។

លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសទទួលស្គាល់ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦។

លោក ហ៊ុន ម៉ាណែត បន្ថែមឲ្យដឹងថា ការសម្រេចចិត្ត ចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជារបស់យុវជន គឺធ្វើឡើង ប្រកបដោយឆន្ទៈស្ម័គ្រចិត្ត សីលធម៌ គុណធម៌ បម្រើបក្ស និងបម្រើប្រជាជន។ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណចំពោះឆន្ទៈ និងការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់បងប្អូនដើម្បី គណបក្ស និងប្រជាជន។

បន្ថែមពីលើនេះ លោក ហ៊ុន ម៉ាណែត ស្នើឲ្យយុវជនត្រូវយល់ច្បាស់ពីខ្លួនឯង ស្វែងយល់ពីគោលការណ៍គណបក្ស ស្វែងយល់ពីបក្ស ដែលជាបក្សធំជាងគេ មានស្នាដៃច្រើនជាងគេ មានទំនុកចិត្តច្រើនជាងគេ និងត្រូវស្វែយល់ពីរបៀបរបរ ធ្វើការ និងដើតួនាទីជាឃោសនិករបស់បក្ស ក្នុងការបង្ហាញនូវរាល់សមិទ្ធិផលជាច្រើន របស់បក្សដែល បានខិតខំកសាងតាំងពីបាតដៃទទេ និងការពារអនាគតរបស់យើង ការពារសុខសន្តិភាព និងស្ថេរភាពសង្គម ដើម្បីកុំឲ្យប្រទេសជាត ធ្លាក់ចូលក្នុងសង្គ្រាម។

សូមបញ្ជាក់ថា ក្រុមការងារយុវជនស្រុកតំបែរ ដែលត្រូវប្រកាសទទួលស្គាល់នាពេលនេះមានចំនួន៣៤១នាក់។ កន្លងមក ក្រុមការងារ បានដំណើរការរហូតមកដល់សព្វថ្ងៃ គឺដោយមានការជួយជ្រោមជ្រែង និង ឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ពីសំណាក់លោក ហ៊ុន ម៉ាណែត លោក វេង សាខុន លោក ហេង សួរ ដែលជាប្រធានក្រុម ជនបង្គោល ទទួលបន្ទុកការងារយុវជនស្រុកតំបែរ ដែលជានិច្ចកាល តែងលើកទឹកចិត្តឧបត្ថម្ភគាំទ្រនូវធនធាន សម្ភារៈ ថវិកា ស្មារតី ដោះស្រាយ និងឆ្លើយតបចំពោះសំណូមពររបស់ ក្រុមការងារ និងសកម្មជនយុវជនស្រុក ចាប់តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ននេះ។

ក្រៅពីនេះ យុវជនស្រុកតំបែរ ក៏បានការយកចិត្តទុកដាក់ក្នុងការដឹកនាំ ណែនាំ តម្រង់ទិសការងារបានជាប់ជាប្រចាំពីសំណាក់ ថ្នាក់ដឹកនាំក្រុមការងារ គណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់មូលដ្ឋានផងដែរ៕