(ភ្នំពេញ)៖ រហូតដល់ពេលនេះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានលុបចោលការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់លោក កាលពីទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលចោទរដ្ឋអំណាចថា ជាអ្នកនៅពីក្រោយ ឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះហើយ។

ការលុបចោលការផ្សព្វផ្សាយចោទប្រកាន់នេះ បានធ្វើឡើងស្របពេលដែល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពីការដាក់ ពាក្យបណ្តឹងមួយ ដើម្បីប្តឹង លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ និងអ្នកស្រី ឡាក់ ឡានី សមាជិកព្រឹទ្ធសភារបស់គណបក្សសមរង្ស៉ី ចំពោះការ ចោទរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកនៅពីក្រោយការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី តែម្តង ហើយខណៈពេលនេះ មេធាវីតំណាងសម្តេចតេជោ ក៏មានវត្តមាននៅក្នុងតុលាការហើយដែរ។

សូមជំរាបថា កាលពីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅក្នុងស្តាម៉ាតបូកគោ ស្ថិតនៅក្នុងខណ្ឌចំការមននោះ លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមុខមុនគេបង្អស់ ដោយចោទរដ្ឋអំណាចថា ជាអ្នករៀបចំឃាតកម្មលើ លោកបណ្ឌិត កែម ឡី ខណៈដែលសមត្ថកិច្ច កំពុងស៊ើបអង្កេតនៅឡើយ។

លោក សម រង្ស៉ី បានសរសេរ នៅលើទំព័រ Facebook យ៉ាងដូច្នេះថា «ដូចចំពោះការវាយប្រហារដោយគ្រាប់បែកកាលពីថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧ នៅទីក្រុងភ្នំពេញ ហើយដូចចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយមកជាបន្តបន្ទាប់នូវអ្នកប្រឆាំងដទៃទៀត ដែលហ៊ានទិតៀនរដ្ឋាភិបាលអញ្ចឹងដែរ ការបាញ់សម្លាប់ លោក កែម ឡី ថ្ងៃនេះ ជាអំពើភេរកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច»

ក្រោយពីមានការចោទប្រកាន់បែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ជាការលាបពណ៌ដ៏ធ្ងន់ធ្ងរបំផុតលើរាជរដ្ឋាភិបាល ហើយហៅការចោទប្រកាន់នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីតែកេងចំណេញនយោបាយតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា បន្ទាប់ពីដកចេញនូវការផ្សព្វផ្សាយចោទប្រកាន់ចំៗលើរាជរដ្ឋាភិបាល ចំពោះឃាតកម្មសម្លាប់បណ្ឌិត កែម ឡី នៅថ្ងៃ១០កក្កដានោះ លោក សម រង្ស៉ី ក៏បាន Comment មួយទៀតដែរ នៅត្រង់វីដេអូរបស់លោកកាលពីយប់មិញ ដើម្បីរម្លឹករឿងនេះឡើងវិញថា «ខ្ញុំជឿថា រដ្ឋាភិបាល ជាអ្នកនៅពីក្រោយ ឃាតករ ដែលបានបាញ់សម្លាប់លោក បណ្ឌិត កែម ឡី ដូចក្នុងករណីការគប់គ្រាប់បែកក្នុងឆ្នាំ១៩៩៧ ដែលបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២ អញ្ចឹងដែរ។ ទាំងអស់នេះ គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច»

លោក សម រង្ស៉ី ពេលនេះ កំពុងញ៉ាំញីដោយពាក្យបណ្តឹង ដោយសារតែការនិយាយចោទប្រកាន់ ទៅបុគ្គលមួយចំនួននៅជួររាជរដ្ឋាភិបាល ក្នុងនោះមាន បណ្តឹងបរិហារ្តិ៍ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង កំពុងទាមទារឱ្យអនុវត្តសាលក្រម និងសាលដីកាបណ្តឹងបរិហារកេរ្តិ៍លើ សម្តេច ហេង សំរិន ក៏ដូចជាបណ្តឹង មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបង្ហោះឯកសារក្លែងបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ ផងដែរ៕