(ភ្នំពេញ)៖ ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្ម ដែលបានចំណាយពេលចងក្រឡើងរយៈពេល ៨ឆ្នាំ និង២ខែ និងជាច្បាប់បង្កើតឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា បានដាក់ផ្សព្វផ្សាយជាសាធារណៈហើយនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ជាមួយការរំពឹងថា ធានាបានការគ្រប់គ្រង និងអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វបានកាន់តែខ្ពស់ និងចូលរួមការពារសុខភាពមនុស្សផងដែរ។

ពិធីផ្សព្វផ្សាយច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វនេះ ធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងកសិកម្ម អង្គការ សង្គមស៊ីវិល និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធមួយចំនួនទៀត។

ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ មាន ២២ជំពូក និង ១២៤មាត្រា។ ច្បាប់នេះបង្កើតឡើង ដើម្បីធានាការគ្រប់គ្រង និងការអភិវឌ្ឍសុខភាពសត្វ និងផលិតកម្មសត្វ, ការពារសុខភាពមនុស្ស សុខភាពសត្វ សុខុមាលភាពសត្វ និងការពារបរិស្ថាន, បង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ, ការពារធនធានសត្វ និងពូជសត្វរបស់ជាតិ និងធានានិរន្តភាប នៃការផ្គត់ផ្គង់ផលិតផលសត្វប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។

នៅក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ ដែលបានធ្វើឡើងនៅសណ្ឋាគារអ៉ីនធើខុននាព្រឹកថ្ងៃចន្ទនេះ លោក តាន់ ផាន់ ប្រធាននាយកដ្ឋានផលិតកម្ម និងបសុព្យាបាល បានឲ្យដឹងថា ច្បាប់នេះ ត្រូវបានរៀបចំនៅចុងឆ្នាំ២០០៧ ហើយត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាដាក់ឲ្យប្រើប្រាស់ និងត្រូវបានទីស្តីការគណៈរដ្ឋមន្រ្តីចុះហត្ថលេខាឲ្យចែកផ្សាយកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក បានឲ្យដឹងទៀតថា ច្បាប់នេះទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដោយអង្គការសុខភាពសត្វពិភពលោក និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ ហើយក៏បានឆ្លងការការពិនិត្យ និងប្រឹក្សាយោបល់ពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់ជាតិ។

លោក Alexangdre Huynh តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងថា ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ដែលដាក់ផ្សព្វផ្សាយជាលើកដំបូងនេះ នឹងផ្តល់ជាក្របខណ្ឌសម្រាប់ការនាំចេញ នាំចូល ឆ្លងកាត់ និងការធ្វើចរាចរណ៍ក្នុងស្រុកសម្រាប់សត្វ និងផលិតផលមានដើមកំណើតពីសត្វ ចំណីសត្វ និងបសុឱសថ ដែលស្របតាមនិយាមអន្តរជាតិ។ ជាពិសេសកិច្ចព្រមព្រាងអនាម័យសំដៅឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសុខភាពសត្វពិភពលោក (OIE)។

លោក Alexangdre Huynh ក៏បានគូសបញ្ជាក់ដែរថា ច្បាប់នេះ នឹងលើកកម្ពស់ផលិតកម្មសត្វ សំដៅធានាការផ្គត់ផ្គង់ផលិតផលសត្វ ដែលមានសុវត្ថិភាព និងគុណភាព សម្រាប់ប្រើប្រាស់ក្នុងស្រុក និងជំរុញការនាំចេញ។ ការពារពូជ និងធនធានសេនេទិចសត្វរបស់ជាតិ ព្រមទាំងលើកកម្ពស់ដល់ការបង្កាត់ពូជបែបទំនើប និងបែបវិទ្យាសាស្រ្តក្នុងគោលដៅ បង្កើនសក្តានុពលផលិតកម្ម និងការប្រកួតប្រជែង។

ច្បាប់នេះ ក៏នឹងចូលរួមលើកកម្ពស់ភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន និងការវិនិយោគលើឧស្សាហកម្ម ផលិតកម្មសត្វ។ នេះបើតាមការបញ្ជាក់របស់ លោក Alexangdre Huynh តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលជាអ្នកចូលរួមផ្តល់ជំនួយបច្ចេកទេស សម្រាប់ចងក្រងច្បាប់នេះឡើង។

លោក Alexangdre Huynh ក៏បានសន្យាចាំជួយ និងផ្តល់កិច្ចសហការ និងគាំទ្រ ដល់នាយកដ្ឋានផលិតកម្ម និងបសុព្យាបាល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំលិខិតតុបករណ៍គតិយុត្តិពាក់ព័ន្ធផ្សេងទៀត ដើម្បីជួយឲ្យការអនុវត្តច្បាប់នេះ កាន់តែមានប្រសិទ្ធភាពខ្ពស់៕