(ពោធិ៍សាត់)៖ យ៉ាងហោចណាស់សាធារណជនជាង៥០០០០នាក់ បានចូលរួមដាំដើមឈើជាងមួយម៉ឺនដើម ក្រោមប្រធានបទ «ដាំដើមជីវិតនៅសមុទ្រទឹកសាប» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នេះនៅក្នុងភូមិសាស្ត្រឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពដាំដើមឈើនេះ ត្រូវបានសហការរៀបចំដោយអគ្គិសនីកម្ពុជា និងវិទ្យុ ABC និងមានការគាំទ្រដោយក្រសួងបរិស្ថាន និងក្រសួងព័ត៌មាន សាលាខេត្តពោធិ៍សាត់ សហគមន៍ ក៏ដូចជាសាធារណជន។

អ្នកចូលរួមទាំងអស់បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពសង្គមនេះថា ពិតជាមានសារៈប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូល ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងព្រៃឈើ។ មានវត្តមាននៅក្នុងសកម្មភាពដាំដើមឈើនេះទាំងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក កែវ រតនៈ អគ្គនាយក អគ្គិសនីកម្ពុជា និងលោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពីស្ថាប័នពាក់ពន្ធនានា រួមនឹងសាធារណជនមកពីគ្រប់ទិសទីចូល រួមក្នុងការដាំដើមឈើដែលនេះបញ្ជាក់ពី មហាសាមគ្គីរបស់ប្រជាជនកម្ពុជា ក្នុងការដាំកូនឈើ ថែរក្សាព្រៃឈើក៏ដូចជា ចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមនុស្សទូទៅ ស្រឡាញ់ធម្មជាតិ និងបរិស្ថានទាំងមូល។

ចំណែកលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានចូលរួមដាំកូនឈើជាមួយបងប្អូនប្រជាពលរដ្ឋបានថ្លែងកោតសរសើរ ចំពោះគំនិតផ្តួចផ្តើមរបស់វិទ្យុ ABC និងការលះបង់របស់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងសកម្មភាពសង្គមនេះ។ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា សកម្មភាពនេះជាការឆ្លុះបញ្ចាំងអំពីការចូលរួម និងការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋបង្កើនការស្រឡាញ់ធនធានធម្មជាតិ ព្រៃឈើ ជាពិសេសការដាំដើមឈើ នៅតាមតំបន់នានាដែលជាតំបន់ព្រៃរិចរិល បំណងដើម្បីប្រែក្លាយតំបន់ទាំងនោះជាតំបន់ ដែលពោរពេញទៅដោយព្រៃឈើ សម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយ។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ព្រៃឈើដែលយើងបាននាំនៅពេលនេះតិចតួច តែវានឹងផ្តល់ផលសម្រាប់ប្រជាសហគមន៍នៅពេលអនាគត និងពួកគាត់ អាចទាញយកអនុផលព្រៃឈើ បានដើម្បីលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរថែមទៀត។ ក្រោយពីសកម្មភាពដាំដើមឈើដើម្បីបរិស្ថានស្រស់បៃតង អ្នកចូលរួមទាំងអស់បានបន្តដំណើររបស់ខ្លួនទៅកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិសាស្ត្រស្រុកក្រគរដែលតំបន់ទេសចរណ៍ធម្មជាតិមួយដ៏ ស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកជាច្រើនឱ្យទៅទស្សនាកម្សាន្តនៅទីនោះ៕