(ភ្នំពេញ)៖ លោកស្រី អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានថ្លែងថា ការរីកចម្រើនលើវិស័យអចលនទ្រព្យ គឺដោយសារកម្ពុជាមានស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរឹងមាំរបស់កម្ពុជា។

លោកស្រីបានលើកឡើង យ៉ាងដូច្នេះក្នុងពិធីប្រកាសលក់គម្រោងខុនដូ SKYLAND ក្នុងតំបន់វិហារសួគ៌ ខេត្តកណ្តាល។

លោកស្រីបានថ្លែងថា «ដោយ​មើលឃើញថាកម្ពុជាកាន់តែបោះជំហានទៅកាន់ភាពរីកចម្រើនកាន់តែខ្លាំងទៅៗ ដូច្នេះ អ្នកវិនិយោគនៅក្រៅប្រទេសកាន់តែ ចាប់ អារម្មណ៍ខ្ពស់លើកម្ពុជាយើងផងដែរ ជាក់ស្ដែងនៅថ្ងៃនេះ ក្រុមហ៊ុនSKYLAND ដែលបាននឹងកំពុងអភិវឌ្ឍន៍អចលនទ្រព្យនៅតំបន់​វិហារសួគ៌​និងធ្វើឲ្យតំបន់មួយនេះ អភិវឌ្ឍន៍យ៉ាងលឿន ហើយតាមរយៈការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋនានា នឹងធ្វើឲ្យគម្រោងខុនដូនេះ ទទួលបានជោគជ័យ និងអភិវឌ្ឍន៍ប្រកបដោយ សុខមាលភាពខ្ពស់ផងដែរ»

អគ្គទេសាភិបាលរងធនគារជាតិនៃកម្ពុជារូបនេះបន្តថា លោកស្រីជឿជាក់ថាគម្រោងអភិវឌ្ឍន៍នេះ នឹងទទួលបានជោគជ័យ តាមការរំពឹងទុក ព្រោះការវិនិយោគលើវិស័យអចលនទ្រព្យ ជាការវិនិយោគមួយ ដែលបានផលចំណេញច្រើន និងជាការវិនិយោគដ៏ត្រឹមត្រូវ ព្រោះខុនដូនេះ សម្រាប់ប្រជាជន ដែលចំណូលមធ្យម ហើយមានទីតាំងក្នុងទឹកដីឃុំវិហារសួគ៌ដ៏ល្អទៀត ពិសេសនៅថ្ងៃដំបូងនៃការប្រកាសលក់គម្រោងនេះ ទទួលបានការកក់រហូតដល់ជាង៣០ភាគរយ ។

ទន្ទឹមនឹងនោះ អ្នកបោះទុនវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន SKYLAND លោក C.Kiran Kumar Reddy បានឲ្យដឹង ស្របពេលតំបន់វិហារសួគ៌ កាន់តែបង្ហាញ​សក្តានុពលកាន់តែល្អនោះ ក្រុមហ៊ុនរបស់លោក នឹងរួមចំណែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈគម្រោងអចលនទ្រព្យ ដែលមានតម្លៃសមរម្យ​សម្រាប់ប្រជាពលរដ្ឋកម្ពុជា ពិសេសទីតាំងដែល​កំពុងមានការអភិវឌ្ឍន៍យ៉ាងលឿននេះ នឹងធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងយ៉ាងខ្លាំង នៅពេលរដ្ឋាភិបាល​ប្រកាសគំរោងសាងសង់ស្ពានទៅកាន់តំបន់នេះ។

លោកឧកញ៉ាស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន SKYLAND ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននៅរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន តែក៏មានការកកស្ទះ​ចរាចរណ៍ដែរ ដូចនេះទើបលោកបានរៀបចំអភិវឌ្ឍន៍នៅតំបន់ខាងលើ ដោយកសាងហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវមានភាពធំទូលាយ មានប្រព័ន្ឋលូធំ និងបណ្តាញអគ្គិសនីកាន់តែល្អប្រសើរ ពិសេសនោះ គឺខុនដូនេះ តម្លៃចាប់ពី១៦.០០០- ៦០០០០ដុល្លារ ក្រុមហ៊ុនក៏បានពុះដីឡូត៍លក់ក្នុងតំលៃសមរម្យ និងមានលក្ខខ័ណ្ឌបង់ប្រាក់ពិសេសទៀតផង៕