(ត្បូងឃ្មុំ)៖ បន្ទាប់ពីមន្រ្ដីការិយាល័យគយ និងរដ្ឋាករត្រពាំងផ្លុង នៃសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ បានទទួលព័ត៌មានពីប្រទេសវៀតណាមមកថា នឹងមានមុខទំនិញទូរស័ព្ទប្រភេទ Smart Phone បំរុងលួចនាំចូលមកកម្ពុជា ដោយគេចកាតព្វកិច្ចពន្ធ និងអាករ នៅវេលាត្រង់ថ្ងៃទី៣០ ខែកក្កដា ២០១៦។

ក្រោយពីទទួលបានដំណឺងនេះភ្លាម កំលាំងសមត្ថកិច្ចគយប្រចាំ នៅច្រកអន្តរជាតិត្រពាំងផ្លុង បានចាត់ឲ្យមន្រី្ដគយ នៅប្រចាំការឃ្លាំមើលដើម្បីចាប់ឃាត់ ទំនិញខាងលើ។ លុះប្រហែលជាម៉ោង១២ថ្ងៃដដែល ទើបឃើញមានអ្នកដំណើរជនជាតិវៀតណាម០២នាក់ស្ពៀយការុង មកឈប់នៅតំបន់ប៉ារាស់ខាងកម្ពុជា (ព្រំប្រទល់កម្ពុជា-វៀតណាម) ពេលនោះមន្រ្ដីគយមានការសង្ស័យទើប ហៅមកសាកសួរព័ត៌មាន និងធ្វើការឆែកឆេរ ជាលទ្ធផលសមត្ថកិច្ចគយ បានត្រួតពិនិត្យឃើញមានទូរស័ព្ទ iPhone 6plus = ៧២គ្រឿង ដែលពុំមានឯកសារបង់ពន្ធ និងអាករឡើយ។

បន្ទាប់មកសមត្ថកិច្ចគយ បានកសាងកំណត់ហេតុល្មើសគយ ដើម្បីឲ្យម្ចាស់ទំនិញបង់ពន្ធ អាករ និងប្រាក់ពិន័យតាមច្បាប់ជាធរមាន៕