(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានសម្រេចលុបចោល បទឈប់បាញ់ជាឯកតោភាគីជាមួយ ពួកឧទ្ទាមឆ្វេងនិយម និងបញ្ជាឲ្យកងកម្លាំងការពារសន្តិសុខ ហ្វីលីពីនបង្កើនការប្រុងប្រយ័ត្នក្នុងគ្នាមានអាសន្នកម្រិតខ្ពស់បំផុត។ នេះបើតាមការចេញ ផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍របស់លោក ឌូធើត បានធ្វើឡើងនៅវេលាម៉ោង៧៖០០នាទីយប់ ម៉ោងនៅទីក្រុងម៉ានីល ដោយលោកបានលើកឡើងដូច្នេះថា «ទុកឱកាស ឲ្យខ្ញុំប្រកាសចេញនាពេលនេះ អំពីការ បញ្ជាជាបន្ទាន់ឲ្យមានការលុបចោល នូវកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាជាឯកតោភាគី ដែលខ្ញុំបានធ្វើឡើងកាល ពីថ្ងៃទី២៥ ខែកក្កដា ប្រឆាំងនឹងពួកឧទ្ទាមកុម្មុយនិស្ត»

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៥ ខែកក្កដា លោក ឌូធើត បានបង្កើតបទឈប់បាញ់គ្នាមួយជាមួយនឹង ពួកឧទ្ទាមដោយ លោកបានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមឧទ្ទាមទាំងនោះនឹងអាច ទទួលយកតាមសំណើ ចរចាសន្តិភាពជាមួយនឹងរដ្ឋាភិបាល ប៉ុន្តែពួកគេមិនបានបញ្ឈប់សកម្មភាពវាយប្រហារ​ មកលើកងកម្លាំង រដ្ឋាភិបាលនោះឡើយ ហេតុដូច្នេះកងកម្លាំងការពារសន្តិសុខហ្វីលីពីន ត្រូវបន្តភារៈកិច្ចដូចធម្មតាចាប់ពីពេលនេះតទៅ ដើម្បីការពារប្រជាជន និងសន្តិភាព ក្នុងប្រទេសឡើងវិញ។

សម្រាប់ក្រុមប្រឆាំងរដ្ឋាភិបាលដែលហៅថាគណបក្សកុម្មុយនិស្តហ្វីលីពីន ឬកងកម្លាំងហ្វីលីពីនថ្មី NPA អាចមានសមាជិករហូតដល់ទៅ៤,០០០នាក់ ឯណោះ។ ក្រុមឧទ្ទាមនេះបានវាយប្រហាររដ្ឋាភិបាល ចាប់តាំងពីឆ្នាំ ១៩៦៩ រហូតមកដល់បច្ចុប្បន្ន ដែលពួកគេត្រូវបានចាត់ទុកជា កងទ័ពព្រៃដែលធ្វើការតស៊ូ ដ៏យូរអង្វែងបំផុតនៅអាស៊ី ក្នុងការប្រយុទ្ធប្រឆាំងចំពោះរដ្ឋាភិបាលមួយ៕