(ពោធិ៍សាត់)៖ ដោយសារមហិច្ឆតា នៃភាពលោភលន់របស់មនុស្ស ធ្វើឲ្យបុរសម្នាក់បើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ ស្រាប់តែកិនមីនតោនផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមុខអាស្រមលោកតាគ្រី ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ័សាត់។

លោក វង្ស អេង នាយករងរដ្ឋបាលសាលាស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា ជនរងគ្រោះដែលបើកត្រាក់ទ័រភ្ជួរដីរដ្ឋនោះ មានឈ្មោះ អាំង អេងឡៃ ភេទប្រុស អាយុ៣២ឆ្នាំ បច្ចុប្បន្នរស់នៅចំណុចដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកនាយករងរដ្ឋបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានធ្វើសកម្មភាពបើកត្រាក់ទ័រភ្ជួរលើដីរដ្ឋ នៅចំណុចកើតហេតុខាងលើដោយគ្មានអាជ្ញាធរដឹងលឺនោះទេ ស្រាប់តែវេលាម៉ោងប្រមាណ ៤ និង១០នាទី ជនរងគ្រោះបានថយត្រាក់ទ័រ ក៏កិនជាន់មីនតោនផ្ទុះ បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។ លោកនាយករងរដ្ឋបាលបានបន្តទៀតថា ប្រភេទយុទ្ធភណ្ឌនោះ គឺនៅសល់ពីសម័យសង្គ្រាម។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរបង្អែកខេត្ត ដោយឡែកត្រាក់ទ័រត្រូវខូចខាតអស់ទាំងស្រុង៕