(បាត់ដំបង)៖ នារសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ គណៈកម្មការចម្រុះដឹកនាំដោយ លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង បានធ្វើការដុតកម្ទេច ទំនិញខូចគុណភាព ចំនួន៤.៤៩១គីឡូក្រាម បន្ទាប់មន្រ្តីកាំកុងត្រូល រឹបអូសបាននៅតាមទីផ្សារនានា ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ និង២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មន្រ្តីជំនាញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះចាប់ទំនិញនានាលក់នៅតាមព្រំដែន តាមផ្សារនានា ពិសេសក្នុងបាត់ដំបង ដោយរឹបអូសបាន ដូចជា សាច់ប្រហិតខូចគុណភាពមា នចំនួន១.២០០គីឡូក្រាម ណែមត្រីវេចខ្ចប់ហើយមានចំនួន៥១៥គីឡូក្រាម និងនំធុង ភេសជ្ជៈ ចម្រុះមានចំនួន២.៧៧៦គីឡូក្រាម។

លោក ហាក់ សុខរិន បានបញ្ជាក់ថា ទំនិញដែលក្រុមការងារ រឹបអូសបាននេះ មានហួសកំណត់ប្រើប្រាស់ ខូចគុណភាព ចំណែកសាច់ត្រីប្រហិត ណែម បានរកឃើញសារធាតុ (បូរ៉ាក់) ទៀតផង។ បន្ទាប់ពីបានរឹបអូសបានទំនិញខូចគុណភាព ខាងលើហើយ មន្រ្តីជំនាញយើងបានដើរមើលទីតាំងផលិត និងកន្លែងលក់មួយចំនួនផ្សេងទៀត ឃើញថា គ្មានដាក់លាយសារធាតុគីមី (បូរ៉ាក់)​ ទៀតនោះទេ។
លោកបានបន្តថា ក្រោយការរឹបអូសបានយកមករក្សាទុកហើយ មន្រ្តីជំនាញ បានស្នើសុំយោបល់ថ្នាក់លើ បង្កើតគណកម្មការចម្រុះមួយ មានសមាសភាព មន្រ្តីកាំកុងត្រូលសាខាខេត្ត មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត តំណាងអយ្យការណ៍សាលាដំបូងខេត្ត អាជ្ញាធរស្រុក ឃុំ កងកម្លាំងអធិការស្រុក ដែលដឹកនាំដោយ លោក ច័ន្ទ សុផល អភិបាលខេត្ត បានធ្វើពិធីដុតកម្ទេចចោលនូវទំនិញជាង៤តោននេះ នៅចំណុចក្រោយអធិការដ្ឋាននគរបាលស្រុកសង្កែ ស្ថិតក្នុងភូមិច្រាបវាលឃុំអន្លង់វិលស្រុកសង្កែតែម្តង។

លោកប្រធានសាខាកាំកុងត្រូលខេត្ត ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងឲ្យបានជ្រាបថា មុនប្រើប្រាស់ឬទិញទំនិញអ្វីមួយ សូមពិនិត្យមើលកាលបរិច្ឆេទផលិត ផុតកំណត់ ឲ្យបានត្រឹមត្រូវ និងអ្នកផលិត ឬនាំចូលទំនិញខូចគុណភាព មានលាយសារធាតុគីមី(បូរ៉ាក់) ត្រូវឈប់ជាបន្ទាន់ ព្រោះជាអំពើខុសច្បាប់ ឬច្បាប់ហាមឃាត់ ដែលធ្វើឲ្យប៉ពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕