(ភ្នំពេញ)៖ វិនិយោគិនចិន បានវិនិយោគទឹកប្រាក់ ប្រមាណ២០០លានដុល្លារអាមេរិក ដើម្បីសាងសង់ ខុនដូស៊ីណូផ្លាហ្សា ដែលមានកម្ពស់៤៥ជាន់ចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០១៥មកនោះ ឥឡូវនេះផ្ទៃសំណង់ទាំងមូល បានបញ្ចប់ដំណាក់កាល នៃស្ថាបនាគ្រឹះខាងក្រោម ជាស្ថាពរហើយ ដោយចំណាយទឹកប្រាក់១៥លានដុល្លា នឹងបានប្រកាសបើកទទួលការកក់ពីអតិថិជន ចាប់ពីថ្ងៃទី២៩ ខែកក្កដា នេះតទៅ ខណៈការបើលក់ជាផ្លូវការ និងធ្វើឡើងនៅក្នុងខែសីហាខាងមុខ។

កញ្ញាឆឹង សុធារ៉ា ប្រធានផ្នែកលក់ នៃគំរោងស៊ីណូផ្លាហ្សា នៅក្នុងសន្និសីទសារពត៌មាន ដែលធ្វើឡើង នៅការិយាល័យលក់ របស់ស៊ីណូផ្លាហ្សា នៅតាមបណ្តោយ​មហា​វិថីព្រះមុន្នីវង្ស បានឱ្យដឹងថា ផ្ទៃដីសំរាប់សាងសង់ នៃគម្រាងសំណង់ ខុនដូ ស៊ីណូផ្លាហ្សា នេះ មានទំហំ ១.៣ហិកតា និង២៣ម៉ឺនម៉ែត្រការ៉េ ដែលមាន៤អគារ គឺA.B.C.D នឹងមានកម្ពស់៤៥ជាន់ដូចគ្នា ហើយ អគារA(Tower A)ជាប្រភេទខុនដូ អគារB(Tower B)ជាប្រភេទអាផាតមិន បែបអន្តរជាតិ អគារC(Tower C)ជាប្រភេទផ្ទះ​សម្រាប់ប្រជាជនខ្មែរ ដែលមានចំណូលមធ្យម និងអគារD(Tower D)ជាប្រភេទសណ្ឋាគារនិងការិយាល័យ។

កញ្ញា ឆឹងសុធារ៉ា បន្ដថា ការប្រកាសបើកទទួលការកក់នេះ គឺសម្រាប់តែអគារ Aនិង C ដែលអគារអេមាន៤៩៧យូនីត និងអគារស៊ី មាន៥៨៥យូនីត ដែលលក់​សម្រាប់តែ​ប្រជាពលរដ្ឋខ្មែរ មានចំណូលមធ្យម ដោយក្នុងមួយការ៉េតម្លៃប្រមាណ២១០០ដុល្លារ។គម្រោងខុនដូស៊ីណូផ្លាហ្សានេះ ត្រូវបានវិនិយោគឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ TianQi (Cambodia Natural lucky Real Estate Co.,Ltd) និងសាងសង់ដោយក្រុមហ៊ុនសាជីវកម្មវិស្វកម្ម សំណង់រដ្ឋចិន(CEC)និងអ្នកទទួលសិទ្ធិលក់ផ្តាច់មុខ ដោយក្រុមហ៊ុន​Hutton CPL ដែលរួមបញ្ចូលគ្នារវាងក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា។

កញ្ញាបន្ដថា គម្រោងចម្រុះ រួមបញ្ចូលអាគារលំនៅដ្ឋាន អាផាតមិន ផ្សារទំនើប កន្លែងកម្សាន្ត ការិយាល័យ ភោជនីយដ្ឋានអាងហែលទឹក កន្លែងហាត់ប្រាណ រោងភាពយន្ត កន្លែងលេងកីឡា រួមនិងKTV។ មានផ្សារទំនើប៥ជាន់ និងចំណតរថយន្តជាង១៦០០កន្លែង ដែលជាកន្លែងតតឡានធំជាងគេនៅរាជធានីភ្នំពេញ ចំណែកផ្សារទំនើបមាន​ទំហំ​ជាង៣ម៉ឺនម៉ែត្រការ៉េ សម្រាប់ការដើរទិញទំនិញ អាហរដ្ឋាន និងកម្សាន្ត។ក្រៅពីនេះមានកន្លែងស្ប៉ាលំដាប់អន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មមាស និង​គ្រឿង​អាលង្ការ។

ព្រមជាមួយគ្នានោះ លោក ចេង ខេង និងកញ្ញា ហ្សារិន លីវ នាយកប្រតិបត្តិ Hutton CPL ដែលជាភ្នាក់ងារទទួលសិទ្ធិលក់ផ្តាច់មុខ គំរោងស៊ីណូរផ្លាហ្សា បានថ្លែងថា ស៊ីណូផ្លាហ្សាជាគំរោងវិនិយោគល្អបំផុតស្ថិត នៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍ។បរិយាកាសរស់នៅ ហ៊ុមព័ទ្ធទៅ​ដោយស្ថានទូត ស្ថាប័នរដ្ឋាភិបាល សាលារៀនអន្តរជាតិ ភោជនីយដ្ឋាន ទំនើបៗនិងទីកន្លែងកម្សាន្តជាច្រើនទៀត ដែលជាកត្តាធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្ពស់។

គួបញ្ជាក់ថា ដោយចាប់ផ្តើមបុកគ្រឹះ សាងសង់ចាប់ផ្តើមនាខែវិច្ឆិកា ឆ្នាំ២០១៥ គំរោងទាំងមូល នៃស៊ីណូផ្លាហ្សា នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ដោយគ្រោងចំណាយ​ប្រមាណ២០០លានដុល្លារ។ ស៊ីណូផ្លាហ្សា នេះជាខុនដូដំបូងគេ ដែលបញ្ចប់ការបុកគ្រឹះ ហើយទើបចាប់ផ្តើមនិងកក់ និងលក់ ដែលខុសពីខុនដូផ្សេងៗ ដែលចាប់ផ្តើមលក់ តាំងពីចាប់ផ្តើមបុកគ្រឹះ ដែលនេះបង្ហាញឱ្យឃើញពីការវិនិយោគច្បាស់លាស់និងទទួលខុសត្រូវខ្ពស់ ពីអ្នកអភិវឌ្ឍនិងវិនិយោគិន ពិសេសក្រុមហ៊ុន TianQi (Cambodia Natural lucky Real Estate Co.,Ltd)៕