(សៀមរាប)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ ចុងភៅកម្ពុជា ជាង ១០០នាក់ របស់សមាគមចុងភៅកម្ពុជា (Cambodia Chefs' Association/CCA) ពីសណ្ឋាគារ ភោជនីយដ្ឋានល្បីៗ នៅក្រុងសៀមរាប-អង្គរ ដែលជាទឹកដីវប្បធម៌ ប្រវត្តិសាស្រ្ត និងជាគោលដៅទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជា បានមកចូលរួមសិក្ខាសាលា ស្ដីអំពី ទេពកោសល្យចុងភៅកម្ពុជា ក្នុងការចែករំលែក នូវបទពិសោធន៍ ទាំងទ្រឹស្តី និងការអនុវត្តបច្ចេកទេស និងសិល្បៈ នៃការច្នៃប្រឌិត រៀបចំម្ហូបអាហារ ប្រកបដោយរស់ជាតិ អនាម័យ និងទេពកោសល្យ។

សិក្ខាសាលានេះ ស្ថិតក្នុងវត្តមានរបស់លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កិច្ចបង្ហាញសម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ ស្ថិតក្នុងវត្តមានរបស់លោកបណ្ឌិត Rick Stephen សមាជិកចុងភៅពិភពលោក នាយកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងវត្តមានរបស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប, លោក ឡុង បូរ៉ា ប្រធានសមាគមចុងភៅកម្ពុជា (CCA) រួមនិងមន្ត្រីទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ១២០នាក់ ដែលបានរៀបចំ បង្ហាញនៅសណ្ឋាគារ អង្គរផាលេស រីស្ស័ត និងស្ប៉ា ក្នុងក្រុងសៀមរាប។

ទន្ទឹមនិងការប្ដេជ្ញាចិត្តរបស់លោក ឡុង បូរ៉ា ប្រធាន CCA ក្នុងការបន្តការរៀនសូត្រ ដកស្រង់បទពិសោធន៍ និងចែករំលែកចំណេះដឹង ខាងវិជ្ជាចុងភៅបន្ថែមទៀត ដើម្បីចូលរួម លើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជា។ ក្នុងនោះលោកបណ្ឌិត Rick Stephen បានឲ្យដឹងថា សមាគមចុងភៅកម្ពុជា គឺជាសមាគម ដែលមានសក្តានុពល ក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា។

លោក ប៉ាក់ សុខុម បានថ្លែង ក្នុងឱកាសនោះថា ការអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ នៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីសុខ សន្តិភាព និងស្ថេរភាពនយោបាយរបស់កម្ពុជា ដែលជាកត្តាដ៏សំខាន់ ក្នុងការធានាបាននូវចីរភាព នៃការរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ ដែលស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោកបន្តថា ចំពោះសិក្ខាសាលាដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាកម្មវិធីដែលល្អប្រសើរប៉ុណ្ណោះទេ គឺជាមុខវិជ្ជាធ្វើម្ហូបអាហារ ប្រកបដោយ ទេពកោសល្យខ្ពស់ នៃអត្តសញ្ញាណមួយរបស់កម្ពុជាយើង ហើយជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយផលិតផលម្ហូបអាហាររបស់កម្ពុជា ផងដែរ ។ ក្នុងនាមឯកឧត្តមរដ្ឋមន្រ្តី និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរ ប្រកបដោយមោទនភាពខ្ពស់ ដែលសមាគមចុងភៅកម្ពុជា បានទទួលនូវជោគជ័យយ៉ាងធំធេង នាពេលកន្លងមក និងជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិ, ថ្នាក់តំបន់, និងអន្តរជាតិ សម្រាប់ជាតិ ពិសេសសម្រាប់វិស័យទេសចរណ៍។

លោកបានបញ្ជាក់ថា កន្លងទៅ និងជាបន្តបន្ទាប់មកនេះ CCA បានខិតខំប្រឹងប្រែងចូលរួមយ៉ាងធំធេង និងប្រកបដោយសក្តានុពល នៅក្នុងការអភិវឌ្ឍន៍នូវវិសាលភាព នៃវិស័យទេសចរណ៍របស់កម្ពុជាយើង។ ហើយក្នុងឱកាសដ៏វិសេសវិសាលនេះ លោករដ្ឋលេខាធិការ បានសម្លែងនូវមោទនភាព ចំពោះលោកបណ្ឌិត Rick Stephen ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងពោរពេញដោយវិសាលភាព នៃបទពិសោធន៍ដ៏មហាសាល មកចែករំលែកជូនដល់ ចុងភៅកម្ពុជាយើង៕