(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ សហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលីចំនួន១៤នាក់ ដែលមានឯកទេស និងបទពិសោធន៍ខ្ពស់ បានសហការជាមួយលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដើម្បីចុះពិនិត្យ និងព្យាបាលជំងឺភ្នែកជូនបងប្អូនប្រជាពលរដ្ឋមានបញ្ហាភ្នែកក្នុងខេត្តប៉ៃលិន ដោយឥតគិតថ្លៃ និងមិនប្រកាន់និន្នាការនយោបាយសាសនាឡើយ។

ពិធីនេះ ត្រូវធ្វើឡើងនៅការិយាល័យតំណាងរាស្រ្តមណ្ឌលប៉ៃលិន ដោយមានការចូលរួមពីប្រជាពលរដ្ឋខេត្តប៉ៃលិន យ៉ាងច្រើនកុះករ។
លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបាននាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទំាងអស់ ។ លោកស្រីថា ជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ។

លោក បាន ស្រីមុំ ក៏បានគូសបញ្ជាក់ផងដែរថា ការពិនិត្យ ព្យាបាលជំងឺភ្នែកនាពេលនេះ ជាការរួមចំណែកបន្ថែមទៀត ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដោយលោកស្រី បានរួមសហការជាមួយក្រុមគ្រូពេទ្យ នៃសហគមគាំពារភ្នែកកម្ពុជា អន្តរជាតិ ឲ្យមកជួយពិនិត្យ និងព្យាបាលជំងឺភ្នែកជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជួយកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពព្យាបាលជំងឺភ្នែក និងទទួលបានការពិនិត្យ ព្យាបាលពីវេជ្ជបណ្ឌិតជំនាញឯកទេសផងដែរ។

លោកស្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមធ្វើការដាក់ពាក្យស្នើសុំធ្វើពី ស្នងការនគរបាលខេត្ត ឲ្យបានគ្រប់ៗគ្នា ដើម្បីជាឯកសារជំនួយក្នុងការចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ ។

សូមបញ្ជាក់ថា ការពិនិត្យ ព្យាបាលជំងឺភ្នែក ពីក្រុមគ្រូពេទ្យ នៃសហគមគាំពារភ្នែកកម្ពុជា អន្តរជាតិ ធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការរវាង អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ជាមួយនឹងសហគមន៍គាំពារភ្នែកកម្ពុជាអន្តរជាតិ ដោយបានពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន មានចំនួនប្រមាណជាង៦០០នាក់ និងប្រជាពលរដ្ឋ មានជំងឺភ្នែកធ្ងន់ធ្ងរ ដែលនឹងត្រូវបញ្ជូនទៅវះកាត់បន្តដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នារាជធានីភ្នំពេញ មានចំនួនប្រមាណ ៥០នាក់ ដោយក្នុងនោះ លោក អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ជួយឧបត្ថម្ភការចំណាយផ្សេងៗទាំងអស់ជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរ ដែលត្រូវបញ្ជូនទៅវះកាត់បន្តផងដែរ៕