(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចចេញលិខិតព្រមានទៅកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ដែលបានធ្វើសកម្មភាព សហជីព ដោយមិនមានការអនុញ្ញាត។ នេះបើតាមលិខិតរបស់ក្រសួងការងារផ្ញើទៅកាន់កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន កាលពីម្សិលមិញ។

ការចេញលិខិតព្រមានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីសហជីពសេរីកម្មករ និងសហជីពមួយចំនួនបានប្តឹងថា កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានប្រកាសខ្លួនថា ជាតំណាងកម្មករ។

តាមលិខិតនោះក្រសួងបានណែនាំថា បុគ្គលដែលធ្វើសកម្មភាពសហជីព ឬសមាគមនិយោជកដោយ មិនបានចុះបញ្ជី និងធ្វើសកម្មភាពក្រៅដែន អនុវត្តតាមទីតាំងភូមិសាស្រ្ត ឬតាមវិជ្ជាជីវៈ ឬតាមវិស័យដែលបានកំណត់ក្នុងលក្ខន្តិកៈរបស់ខ្លួន នឹងត្រូវរងវិធានការរដ្ឋបាល និងពិន័យអន្តរការណ៍។

ជាមួយគ្នានេះ ក្រសួងក៏បានបង្គាប់ឱ្យអ្នកទាំងពីរ បញ្ឈប់រាល់សកម្មភាពសហជីព ដោយមិនបានចុះបញ្ជីជាបន្ទាន់ ហើយថា ក្នុងករណីនៅតែបន្ត សកម្មភាពទៀត ក្រសួងនឹងអាចចាត់វិធានការដំណាក់កាលទី២ អនុលោមតាមច្បាប់ស្តីពីសហជីព។

សូមបញ្ជាក់ថា នាថ្មីៗនេះ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានព្រមានដឹកនាំកម្មករជាច្រើននាក់ ដើម្បីតវ៉ាប្រឆាំងនឹង លោក សម រង្ស៊ី បើសិនជាសហគមន៍អឺរ៉ុបសម្រេចបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា តាមការផ្តល់គំនិតរបស់មេបក្សប្រឆាំងនេះមែននោះ។ លោក សម រង្ស៊ី ត្រូវបានវិទ្យុបារាំងដកស្រង់សម្តីថា បានស្នើឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាល ហើយបន្ទាប់ពីមានព័ត៌មាននេះ កម្មករ និងសហជីពជាច្រើនបានប្រតិកម្មនឹងការលើកឡើងនេះ ហើយថ្កោលទោសលោក សម រង្ស៊ី៕

ខាងក្រោមនេះជាលិខិតព្រមាន និងលិខិតបញ្ជាក់ពីការបានទទួលលិខិតរបស់ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា៖