(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានបន្តចោទប្រកាន់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាថា កំពុងរារាំងមិនឱ្យ មានការបោះឆ្នោតនៅពេលខាងមុខ ប៉ុន្តែត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ការបំផុសបំផុលបែបនេះ គឺជាចេតនាទុច្ចរិត របស់មេបក្សប្រឆាំង។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធទៅនឹងការចោទប្រកាន់របស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ។ លោកបានថ្លែងប្រាប់ Fresh News ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គ្មានមូលហេតុអ្វី ដែលត្រូវរារាំងមិនឱ្យមានការបោះឆ្នោតនោះទេ ហើយថា ពេលនេះគ.ជ.ប កំពុងតែដំណើរការនីតិវិធីរបស់ខ្លួនជាធម្មតាពុំមានការរាំងស្ទះឡើយ ដូចការចោទប្រកាន់របស់លោក សម រង្ស៊ីឡើយ។

លោក សុខ ឥសាន បានថ្លែងថា «ការដែលនិយាយថា (រដ្ឋាភិបាល) មិនចង់ឱ្យមានការបោះឆ្នោតនោះ អាហ្នឹងគឺជាចេតនាទុច្ចរិតរបស់គាត់ដែរ។ គាត់ចោទថា គេមិនមានចេតនាចង់ឱ្យបោះឆ្នោត ប៉ុន្តែពេលនេះ គ.ជ.ប គេកំពុងបន្តដំណើរការតាមនីតិវិធីរបស់គេទៅហើយ ដូច្នេះគ្មានមូលហេតុអ្វីដែល មិនមានការបោះឆ្នោតទេ»

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានជួបជាមួយសហគមន៍ខ្មែរ នៅក្នុងវត្តព្រះពុទ្ធរង្សី នៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក។ នៅចំពោះមុខខ្មែរអនិកជនទាំងនោះ លោក សម រង្ស៊ី បានចោទសម្តៅលើគណបក្សប្រជាជន និងរាជរដ្ឋាភិបាលម្តងទៀតថា កំពុងប្រើយុទ្ធសាស្រ្តបំផ្លាញគ.ជ.ប និង គណបក្សប្រឆាំង។

លោក សម រង្ស៊ី បានថ្លែងថា «យើងយល់ហើយថា ខាងគេនោះធ្វើយ៉ាងម៉េចកុំឱ្យមានការបោះឆ្នោត ប៉ុន្តែគេមិននិយាយត្រង់ទេ ភាសានយោបាយគេមិនដែល និយាយថា គេអត់ចង់ឱ្យមានការបោះឆ្នោតទេ គេធ្វើយ៉ាងម៉េចបំផ្លាញតាមវិធីផ្សេងៗ បំផ្លាញដំណើរការបោះឆ្នោត បំផ្លាញនោះគឺទី១ បំផិតបំភ័យតាំងពីឥឡូវ ហើយជិតថ្ងៃបោះឆ្នោតគម្រោងរបស់គេ គឺបំផិតបំភ័យកាន់តែខ្លាំង»

ប្រធានគណបក្សប្រឆាំងដែលនិរទេសខ្លួនឯងនៅក្រៅប្រទេសនោះ បានបន្ថែមទៀតថា «ហើយមិនត្រឹមតែបំផិតបំភ័យទេ គឺចង់កម្ទេចក្បាលម៉ាស៊ីន គណបក្សសង្រ្គោះជាតិ ក្រោយបោះឆ្នោតនៅភូមា គេចាប់ផ្តើមភ័យភ្លាម មានដីកាចាប់ខ្ញុំចេញតែម្តង។ ចាប់ខ្ញុំហើយ ឥឡូវនេះទៅរករឿង លោក កឹម សុខា»។

លោក សុខ ឥសាន បានហៅការលើកឡើងរបស់ លោក សម រង្ស៊ី ថា តែងតែនិយាយផ្ទុយពីការពិត។ លោក សុខ ឥសាន បាននិយាយថា គណបក្សប្រជាជន មិនដែលបំភ័យ លោក សម រង្ស៊ី នោះទេ ប៉ុន្តែខ្លួនលោកទៅវិញទេ ដែលមានការភ័យខ្លាចមិនចូលប្រទេសខ្លួនឯង។

លោកថា «យើងមិនបានបណ្តេញគាត់ទេ ប៉ុន្តែគាត់ចេញខ្លួនឯង យើងក៏មិនបានឃាត់គាត់មិនឱ្យចូលស្រុកដែរ គាត់ចង់ចូលម៉ោងណា ពេលណាស្រេច លើគាត់។ កាលពីគាត់នៅកូរ៉េ គាត់ថា ចូលមកកម្ពុជាហើយ ទោះជានរណាយកទៅធ្វើអ្វី ក៏គាត់មកព្រោះប្រទេសកម្ពុជាជាប្រទេសគាត់ ប៉ុន្តែធាតុពិត៥នាទី មុនឡើងយន្តហោះគាត់ក៏ក្រឡាស់ពាក្យសម្តីវិញ»៕