(ត្បូងឃ្មុំ)៖ វគ្គផ្សព្វផ្សាយមួយស្តីអំពី «សុវត្ថិភាពម្ហូបអាហារ និងការការពារអ្នកប្រើប្រាស់» ត្រូវបានរៀបចំឡើងដោយ សាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ ដោយមានការសហការពីមន្ទីរអប់រំយុវជនខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងមានការចូលរួមពីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំផងដែរ។

វគ្គផ្សព្វផ្សាយនេះ បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ នៅវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ក្រោមវត្តមាន លោក នូ ផល្លាភីរ័ត្ន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងលោកនាយកវិទ្យាល័យ ហ៊ុន សែន ពញាក្រែក ព្រមទាំងលោកគ្រួអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករចំនួន១៦០នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយ អំពីសុវត្ថិភាពម្ហូបអាហារនិងការ ការពារអ្នកប្រើប្រាស់ ពីមន្ត្រីជំនាញដែលមកពីអគ្គនាយកដ្ឋានកាំកុងត្រូល។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះ បានលើកឡើងនូវប្រធានបទសំខាន់ៗចំនួន ក្នុងគោលបំណងណែនាំអោយអ្នកចូលរួមបាន យល់ដឹងអំពីគុណភាព សុវត្ថិភាពចំណីអាហារ ផលប៉ះពាល់នៃសារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ក៏ដូចជាកង្វះអនាម័យក្នុងចំណីអាហារ ដើម្បីបង្ការ និងជៀសវាងករណីពុលចំណីអាហារ ចំពោះអ្នកប្រើប្រាស់ ៕