(បាត់ដំបង)៖ មូលនិធិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានលោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី នាំយកទៅចែកជូនស្រី្ដសម្រាលកូន និងគ្រួសារមរណភាព៨៣នាក់ ស្ថិតនៅឃុំទាំង២ ក្នុងស្រុកថ្មគោល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះ។

ថវិកាដែលយកទៅចែកជូនប្រជាពលរដ្ឋខាងលើនេះ មានប្រមាណ១៦លាន៦សែនរៀល ត្រូវបានយកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាព ចំនួន៨៣នាក់។ ក្នុងឱកាស​នោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស និងជាប្រធានក្រុមការងារចុះជួយខេត្ត។ លោកបានថ្លែងថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាពនិងការ អភិវឌ្ឍន៍ប្រជាតិលើគ្រប់វិស័យ​រហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់ បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត លោកប្រធានក្រុមការងារក៏បានផ្តាំផ្ញើ ដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការ រស់នៅនិងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំង ការពារឲ្យបានទៀងទាត់ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។ អំណោយដែលចែកជូនពេលនោះគឺ ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាពក្នុងម្នាក់ៗ ទទួលបានថវិកា២០ម៉ឺនរៀល។ ដោយឡែក សម្រាប់ស្ត្រីសម្រាលកូនឃុំទាំងពីរ៤៨នាក់ ម្នាក់ៗទទួលបាន ឃីតមួយកញ្ចប់បន្ថែម ដែលមាន៦មុខសម្រាប់ទារកប្រើប្រាស់ផងដែរ។

ស្ត្រីសម្រាលកូន និងក្រុមគ្រួសារ ជនមរណភាពទាំងពីរឃុំ ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្ស​ប្រជាជន​កម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលាដ៏មានតម្លៃ ព្រមទាំង ថវិកា និងសម្ភារចែកជូនពួកគាត់ដោយមិនប្រកាន់និន្នាការបក្សនយោបាយណាឡើយ។ បន្ទាប់មកលោក​ប្រធានក៏បានប្រជុំ​ប្រចាំាខែកក្កដា ពង្រឹងសមាជិកបក្សមូលដ្ឋាន សកម្មជនបក្សឃុំទាំង២ ស្តីពីការងារបច្ចុប្បន្នភាព ពាក់ព័ន្ធឯកសារក្នុងគ្រួសារជាសមាជិកបក្សនៅតាមខ្នងផ្ទះនិងពន្លឿនការងារឲ្យបានឆាប់រហ័ស ដើម្បី​ត្រៀម​ខ្លួនចុះឈ្មោះបោះឆ្នោត ឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ទៅបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧និងបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ ដើម្បីទាញយកសម្លេង​ឆ្នោតទទួលបាន​ជ័យជំនះបន្តការដឹកនាំប្រទេសដើម្បីកសាងនិងអភិវឌ្ឍន៍ជាតិកាន់តែរីកចម្រើនបន្ថែមទៀត។ បន្ទាប់សំណេះសំ​ណាលចប់លោក​ប្រធានបានឧត្ថមថវិកាដល់សមាជិក​បក្សចូលរួមប្រជុំ​ចំនួន៧៤​នាក់​ម្នាក់ៗ​ទទួលបាន២ម៉ឺនរៀលផងដែរ៕