(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះបានបញ្ជាក់ ពីគោលជំហបង្រួបបង្រួមមួយថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកបណ្ដាសមាគមសហជីព និងបណ្ដាសមាគមនិយោជកគឺជាដៃគូសង្គម ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឱ្យមានភាពរីកចម្រើនទៅមុខ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានឱ្យដឹងថា រាល់កិច្ចការទាំងឡាយ ដែលទាក់ទងនឹងវិស័យការងារ បញ្ហាដែលអាចសម្រុះសម្រួលបានខាងក្រសួង ការងារមិនបដិសេធ រេរែកនោះទេ ឱ្យតែធ្វើយ៉ាងណាដើម្បីទទួលបានសុខដុមនីយកម្ម នៅក្នុងទំនាក់ទំនងវិជ្ជាជីវៈការងារ ពីព្រោះប្រធានបទសុខដុមនីយកម្មនេះ ជាប្រធានបទនៃកំណែទម្រង់ធំមួយ លើវិស័យការងារ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងអាណត្តិនេះ។

លោករដ្ឋមន្រ្តីបានបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបណ្ដាសហជីព និងសមាគមនិយោជកទាំងអស់ជាដៃគូសង្គម ដែលបានចូលរួមចំណែក ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត  និងនិយោជកព្រមទាំងរួមចំណែក លើកកម្ពស់ការអភិវឌ្ឍជាតិផងដែរ»

សូមជម្រាបថា សិក្ខាសាលាស្ដីពី ទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារខាងលើនេះ ធ្វើឡើងក្នុងគោលបណងលើកកម្ពស់ ទំនាក់ទំនងវិជ្ជាជីវៈ បង្កើនការចរចាអនុសញ្ញារួម បង្កើនផលិតភាព ដែលឈានទៅបង្កើតសុខដុមរមនា និងសន្តិភាពក្នុងកន្លែងការងារ ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ មកពីភាគីសមាគមនិយោជក, ភាគីសហជីពកម្មករ, ភាគីរដ្ឋាភិបាល មានក្រសួងការងារ ជាតំណាង, និងមកពីមូលនិធិពលកម្មអន្តរជាតិ នៃប្រទេសជប៉ុន (JILAF) ផងដែរ៕