(ភ្នំពេញ)៖ នៅក្នុងវេទិកាសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ នៅខេត្តតាកែវ នៅព្រឹកមិញនេះ កញ្ញា ធី សុវណ្ណ ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» បានអះអាងថា ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងវេទិការបស់នាង បន្តរិះគន់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានផ្តល់គំនិតឱ្យសហគមន៍អឺរ៉ុប បិទទីផ្សារសំលៀកបំពាក់ពីកម្ពុជា។

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កញ្ញា ធី សុវណ្ណថា និង លោក ស្រី ចំរើន បានដឹកនាំក្រុមយុវជន ធ្វើវេទិកាមួយ នៅស្រុកបាទី ខេត្តតាកែវ។ ក្នុងនោះក៏មានពលរដ្ឋចូលរួមប្រមាណ១២០០នាក់។

នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា «ព្រឹកនេះ វេទិកា (ទី២២) ស្រុកបាទី ខេត្តតាកែវ ពលរដ្ឋ១២០០នាក់ ពលរដ្ឋរិះគន់ខ្លាំង លើលោក សម រង្សី ដែលបានស្នើសុំសហភាពអឺរ៉ុប បិទទីផ្សារសំលៀកបំពាក់ពីប្រទេសកម្ពុជា»

សូមជំរាបថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ វិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាភាសាខ្មែរ បានចុះផ្សាយអំពីការផ្តល់គំនិតរបស់លោក សម រង្ស៊ី ដោយដាក់ចំណងជើងធំៗ នៅលើគេហទំព័ររបស់ខ្លួនដែរថា «លោកសម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារនាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយ លក្ខខណ្ឌ»។ វិទ្យុនេះ ក៏បានដកស្រង់សម្តីរបស់ លោក សម រង្ស៊ី ជាភាសាបារាំង ហើយបកប្រែជាភាសាខ្មែរថា​​ «ប្រធានគណបក្សសង្រ្គោះជាតិ ថាបើសហភាពអឺរ៉ុបលូកដៃក្នុងរឿងនាំចេញសម្លៀកបំពាក់នេះ គឺមិនមែនកម្មករ ឬប្រជាជនតូចតាចទេដែលប៉ះពាល់ គឺពួកថៅកែធំៗ មេឈ្មួញធំៗទៅវិញទេ ដែលប៉ះពាល់»

ទោះជាយ៉ាងណា លោក សម រង្ស៊ី កាលពីថ្ងៃទី២១ ខែកក្កដា បានបដិសេធថា លោកមិនបានស្នើឱ្យអឺរ៉ុប បិទទីផ្សារកម្ពុជានោះទេ។ ប៉ុន្តែមុននឹងបដិសេធនេះ Facebook របស់លោក ក៏បានយកព័ត៌មាននេះ ពីវិទ្យុបារាំងទៅចុះផ្សាយបន្តផងដែរ ខណៈដែលការបដិសេធ ត្រូវបានធ្វើឡើងក្រោយពីមានប្រតិកម្មនានាកម្មករ សហជីព និយោជក និងរាជរដ្ឋាភិបាល៕