(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចដោយឆ្លើយតបនឹង ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិថា ស្ថានភាពនយោ​បាយក្តៅ ឬត្រជាក់ គឺគណបក្សសង្រ្គោះជាតិជាអ្នកញុះញង់ និងបង្កើតឡើង។ លោក ផៃ ស៊ីផាន អះអាងបែបនេះ ក្រោយពីលោក ទាវ វណ្ណុល មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងជាសមាជិក​ព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ សង្ឃឹមថា កម្ដៅនយោបាយនឹងចុះថយ នៅមុនការ​ចុះឈ្មោះបោះឆ្នោតខាងមុខ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ដូច្នេះថា «តាមរយៈការមិនចូលប្រជុំនៅក្នុងសភា ដូចបំណងរបស់អ្នកបោះឆ្នោតចង់បាន ហើយអ្វីដែលយើងនៅតែធ្វើ គឺប្រឹងប្រែងរក្សាឲ្យការបោះឆ្នោត​ប្រកបដោយភក្តីភាព ឆ្លើយតបនឹងច្បាប់របស់កម្ពុជា ហើយអំពាវនាវឲ្យគណបក្សទាំងអស់ចូលរួមបោះឆ្នោតឲ្យគ្រប់គណបក្ស ដើម្បីជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមអំពាវនាវសារជាថ្មី សុំឲ្យគណបក្ស ដែលមាននិន្នាការយកបរទេសជាធំ សុំឲ្យបោះបង់ចោល  ហើយងាកមកគោរណឆន្ទៈប្រជាជន»

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដដែលបានបន្តថា «ការពិតរឿងបុគ្គល និងបុគ្គលតែប៉ុណ្ណោះ ចំណែកគណបក្ស និងគណបក្សមិនមានអ្វីនោះទេ ដោយរឿងបុគ្គលព្យាយាមទាញភ្ជាប់ទៅ នឹងរឿងនយោបាយ និងគណបក្ស»

កន្លងមកគណបក្សប្រឆាំងនេះ តែងអះអាងកន្លងមកថា នយោបាយនៅកម្ពុជា នាពេលនេះកំពុងតែឡើងកំដៅ។ ឡើងកំដៅដោយសារតែ មានការចោទប្រកាន់ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងមានការចាប់ឃុំខ្លួនសកម្មជនគណបក្សសង្រ្គោះជាតិ ជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតបដូចគ្នា មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា កំដៅនយោបាយនៅកម្ពុជា គឺមិនបានឡើងកំដៅដូចការលើកឡើង របស់គណបក្សប្រឆាំងឡើយ​គឺរាល់រឿងរ៉ាវ​ដែល​ បានកើតឡើង​គឺកើតចេញពីរឿងផ្ទាល់ខ្លួនរបស់អ្នកលនយោបាយ មិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទេ ដូចនេះតុលាការជានិច្ចជាកាល គឺអនុវត្តទៅតាមច្បាប់កំណត់តែប៉ុណ្ណោះ គ្មានជាប់ពាក់ព័ន្ធ​​ជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។

យ៉ាងណាក៏ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ធ្លាប់បានអះអាងថា ទោះបីជាកំដៅនយោបាយនៅកម្ពុជាឡើង រឺថយចុះ បែបណា ក៏គ.ជ.ប នៅតែបំពេញតួនាទី និង ការងាររបស់ខ្លួនឲ្យបានល្អបំផុត ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន អាព្យាក្រឹត និងមាន តម្លាភាព៕