(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសសហរដ្ឋអាមេរិកបានស្នើឲ្យ ក្រសួងការពារជាតិគិតគូអំពីការអភិវឌ្ឍ មីស៊ីលផ្លោងឆ្លងទ្វីប Minuteman III និង ប្រព័ន្ធគ្រាប់មីស៊ីលបំពាក់ដោយនុយក្លេអ៊ែរ ដែលទុក ប្រើប្រាស់ លើនាវាចម្បាំង ខណៈដែលយោធាអាមេរិកកំពុងតែធ្វើការអភិវឌ្ឍ សព្វាវុធការពារជាតិរបស់ខ្លួន ជំនួសឲ្យប្រព័ន្ធអាវុធបរមាណូដែលហួសសម័យទៅហើយ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០១៦។

កងទ័ពអាកាសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថាខ្លួននឹងមានកិច្ចសន្យាចំនួនពីរ ដើម្បីស្នើសុំប្រព័ន្ធសព្វាវុធ ICBM ឬក៏ប្រព័ន្ធប្រយុទ្ធលើគោក ដែលនឹងអាចសម្រេចឡើង​នៅរដូវ​ក្តៅ ខាងមុខនេះ។ ដោយឡែកនាវាបំពាក់គ្រាប់មីស៊ីលនុយក្លេអ៊ែរ និង កាំភ្លើងធំរយៈចម្ងាយឆ្លាយ ក៏មាននៅក្នុងសំណើទៅកាន់ក្រសួងការពារជាតិនោះផងដែរ។

គួរបញ្ជាក់ថា ការអភិវឌ្ឍសព្វាវុធទំនើបៗខាងលើនេះ នឹងត្រូវចំណាយមិនតិចជាង ៣៥០ពាន់លានដុល្លារ នោះទេសម្រាប់រយៈពេល ១០ឆ្នាំ ដើម្បីជំនួសឲ្យសព្វាវុធចាស់ៗ​មួយចំនួនដែលអាមេរិក​បានប្រើប្រាស់ តាំងពីឆ្នាំ ១៩៦៥។ ក្រុមជំនាញអះអាងថា សហរដ្ឋអាមេរិកត្រូវការចំណាយយ៉ាងហោចណាស់ ១ពាន់ពាន់លានដុល្លារទៀតដើម្បីអភិវឌ្ឍន៍សព្វាវុធរបស់ខ្លួនក្នុងរយៈពេល ៣០ឆ្នាំ៕