(ភ្នំពេញ)៖​ បុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង​ ជិះម៉ូតូមួយគ្រឿង​ បុករថយន្ដក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុន​ ឡូង ម៉េង (LM) ចំពីបុក​មុខ បណ្ដាលឱ្យរងរបួស បែកចិញ្ចើម​ ចំណែកម៉ូតូខូចខាតយ៉ាងដំណំ គៀបជាប់ក្រោមកង់រថយ​ន្ដ។

ហេតុការណ៍នេះ​ កើតឡើងនៅយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦​ តាមបណ្ដោយផ្លូវកម្ពុជាក្រោម​ សង្កាត់​ផ្សារដេប៉ូ២ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍​ បានឱ្យដឹងថា​ មុនពេកើតហេតុគេឃើញបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង​ ជិះម៉ូតូមួយគ្រឿងម៉ាកScoopy ពាក់ស្លាកលេខភ្នំពេញ1FT-2869​ បើកបរក្នុងទិសដៅ ពីកើតទៅលិច​ ចំណែករថយន្ដរបស់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍​ LM Concrete បើកបរច្រាស់ទិសគ្នា​ លុះដល់ចំណុចខាងលើ​ ម៉ូតូបានរេចង្កូតចូលផ្លូវរបស់រថយន្ដ​ ហើយបុកចំពីមុខ​ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ រងរបួសបែកចិញ្ចើម​ រីឯម៉ូតូគៀបជាប់កង់រថយន្ដខាងឆ្វេង​ រងការខូតខាតស្ទើរទាំងស្រុង​។

ក្រោយពេលកើតហេតុភាគីទាំង២​ បានព្យាយាមសម្រួលគ្នាដែរ​ តែមិនត្រូវ​ ទើបសមត្ថកិច្ចជំនាញយករថយន្ដ​ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមក្រោយ៕