(ភ្នំពេញ)៖​ បុរសជនជាតិចិនម្នាក់​ ស្រវឹងជោគជាំ បានបើករថយន្ដបុករបាំងដែក របស់សមត្ថកិច្ចដែលកំពុងត្រួតពិនិត្យ ជាតិអាល់កុលតាមដងផ្លូវ​ បាក់អស់២ផ្ទាំង​ រួចបើករត់គេចខ្លួន​ តែត្រូវបានសមត្ថកិច្ចដេញចាប់បានវិញ។

ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០១៦នេះ​ តាមបណ្ដោយផ្លូវលេខ៥៩៨​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់ទី១ ខណ្ឌទួលគោក​។

មន្ដ្រីនគរបាលចរាចរណ៍ ដែលនៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេលកើតហេតុកម្លាំងនគរបាលចរាចរណ៍ ខណ្ឌទួលគោក​ បានដាក់កម្លាំងត្រួតពិនិត្យ ជាតិអាល់កុលដូចសព្វមួយដង​ តែពេលកំពុងត្រួតពិនិត្យនោះ​ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក Luxes 330 ពាក់ស្លាកលេខ ភ្នំពេញ 2AE-9419​ ដែលបើកបរដោយបុរសជនជាតិចិនម្នាក់​ ក្នុងទិសដៅពីជើងទៅត្បូង​ លុះមកដល់ចំណុចខាងលើ​ ដោយសារតែអ្នកបើកបរស្រវឹង​ ក៏បានរេចង្កូតទៅបុករបាំងដែក របស់សមត្ថកិច្ចអស់២​ផ្ទាំង​ ធ្វើឱ្យសមត្ថកិច្ចរត់ចែកជើងគ្នា​ រួចអ្នកបើកបរបានបើករត់គេចខ្លួន​ តែត្រូវកម្លាំងសមត្ថកិច្ចនាំគ្នាដេញចាប់បានវិញ​។ បន្ទាប់មកជនបង្ក​ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យចរាចរណ៍ក្រុង ​ដើម្បីចាត់ការតាមច្បាប់៕

Advertising