(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ បានធ្វើការរិះគន់ចំពោះកំណើនវត្តមាន កងយោធាសហរដ្ឋអាមេរិក នៅប្រទេសកូរ៉េខាងត្បូង ហើយថា កងកម្លាំងសហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងគឺជា «ពេលវេលាគ្រាប់បែក»។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យមួយរូបរបស់គណៈកម្មាធិការសន្តិភាពជាតិកូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនអាគុយប្រព័ន្ធការពារ គ្រាប់មីស៊ីល Patriot PAC-3 សម្រាប់ការធ្វើសមយុទ្ធយោធា ចេញពីកោះ Okinawa របស់ជប៉ុនទៅកាន់មូលដ្ឋានទ័ពអាកាសមួយ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Kunsan ប្រទេសកូរ៉េខាងត្បូង នៅក្នុងការសម្រេចចិត្តរួមគ្នាមួយ ដោយរដ្ឋាភិបាលទីក្រុង Seoul និង Washington ក្នុងការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅលើទឹកដីឧបទ្វីបកូរ៉េ។

ការធ្វើសមយុទ្ធនេះធ្វើឡើងក្នុងគោលបំណង ដើម្បីដឹកជញ្ជូនយ៉ាងឆាប់រហ័ស​ នូវប្រព័ន្ធការពារគ្រាប់មីស៊ីល ចេញពីប្រទេសជប៉ុនទៅកាន់កូរ៉េខាងត្បូង ដែលអាចនឹងមានជម្លោះមួយកើតឡើងនៅលើឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។

អ្នកនាំពាក្យបានបន្តថា កងកម្លាំងសហរដ្ឋអាមេរិក ដែលតាំងទីនៅកូរ៉េខាងត្បូង អាចជាគោលដៅចម្បងគេ នៃការវាយប្រហារណាមួយ ពីកូរ៉េខាងជើង ហើយបានជម្រុញឲ្យកូរ៉េខាងត្បូង ផ្លាស់ប្តូរគោលនយោបាយគាំទ្រដោយសហរដ្ឋអាមេរិករបស់ខ្លួនចេញ និងបានស្នើឲ្យដកកងកម្លាំង សហរដ្ឋអាមេរិក ចេញពីឧបទ្វីបផងដែរ។

កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលចំនួន៣គ្រាប់ ដែលគេជឿជាក់ថា ២គ្រាប់ជាមីស៊ីលរយៈចម្ងាយមធ្យម ឈ្មោះ Rodong និងមួយគ្រាប់ជាមីស៊ីលរយៈចម្ងាយខ្លីឈ្មោះ Scud នៅក្នុងការបង្ហាញសព្វាវុធ ប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD នៅកូរ៉េខាងត្បូង។

ការបាញ់នេះត្រូវបានធ្វើឡើងក្រោយ៦ថ្ងៃ បន្ទាប់ពីទីក្រុង Seoul និង Washington បានព្រមព្រៀងដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល នៅតំបន់ Seongju ចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ពីទីក្រុង Seoul នៅចុងឆ្នាំនេះ៕