(សៀមរាប)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមបំពាក់មធ្យោបាយ និងសម្ភារៈបច្ចេកទេស ដោយក្នុងនោះមាន រថយន្ដ ម៉ូតូ និងកុំព្យូទ័រ ដល់ក្រុមប្រតិបត្តិការទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ប្រចាំ​ ខេត្តសៀមរាប។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ បន្ទាប់ពីបានស្ដាប់របាយការណ៍ នៃប្រតិបត្តិការការងារ រួចមកក៏បាន ណែនាំក្រើនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលកំពុងបំពេញការងារ នៅប្រចាំខេត្តសៀមរាប ទាំងអស់ដែលមានក្រុមប្រតិបត្តិការទី១​ ប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប្រលានយន្តហោះ​ ក្រុមផ្តល់ទិដ្ឋាការ​ ក្រុមចំរុះអធិការកិច្ចហត្ថពលករបរទេស​ និងការិយាល័យអន្តោប្រវេសន៍​ ខេត្តសៀមរាប ឲ្យយល់ និងលើកកម្ពស់ការអនុវត្តច្បាប់ ការងារមុខជំនាញវិជ្ជាជីវៈ ពិសេសទិសដៅគ្រប់គ្រង ដោះស្រាយជនបរទេសគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សុខ ផល បានសង្កត់ធ្ងន់ៗទៅលើការងារ៣ធំៗ ទី១-​ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ទី២-ការត្រួតពិនិត្យពលករបរទេស និង ទី៣-ការចាប់បណ្តេញចេញជនបរទេស ដែលចូលមករស់នៅ និងធ្វើការខុសច្បាប់៕

Advertising