(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំក្រុមគ្រូពេទ្យចម្រុះ​ចុះព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅមណ្ឌល​សុខភាពសង្កាត់ភ្នំពេញថ្មី ដោយមានការចូលរួមពីអភិបាល ខណ្ឌសែនសុខ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និង បាននាំពាក្យសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ប្រកប ដោយក្តីនឹករលឹកបំផុត។

លោក ម៉ម ប៊ុនហេង បានស្នើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើការថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារា-កុមារី នារដូវភ្លៀងធ្លាក់នេះ ក្នុងការការពារជំងឺគ្រុនឈាម ដោយត្រូវមាន​អនាម័យ​រស់នៅស្អាត បំបាត់ជម្រកមូសខ្លាដូចជាអនាម័យជុំវិញផ្ទះ បំបាត់សំបកកំប៉ុង ត្រឡោកដូង-ថ្លុក-សំបកកង់ឡាន កុំឲ្យមានព្រៃស្តុកនៅជុំវិញផ្ទះ ប្រើប្រាស់ថ្នាំអាបែតដាក់​ក្នុងពាងទឹកសម្លាប់​ដង្កូវទឹក និងត្រូវសម្រាន្តក្នុងមុងជាដើម។

ក្រៅពីនោះ ដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានស្នើឲ្យប្រជាពលរដ្ឋ មកពិនិត្យសុខភាពភ្នែក និងសុខភាពទូទៅ ដោយមិនគិតថ្លៃ។ សម្រាប់ ការព្យាបាលនេះ បើពិនិត្យឃើញមានប្រជាពលរដ្ឋមានជំងឺធ្ងន់ ក្រុមគ្រូពេទ្យ និងជួយបញ្ជូនទៅមន្ទីរពេទ្យធំៗដូចជាមន្ទីរពេទ្យព្រះកុសម: មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត មន្ទីរពេទ្យព្រះអង្អឌួងផងដែរ។

លោក ម៉ម ប៊ុនហេង បានសូមឲ្យប្រជាពលរដ្ឋប្រើប្រាស់ឱសថ ដោយមានវេជ្ជបញ្ជាត្រឹមត្រូវកុំប្រើប្រាស់ថ្នាំតៗគ្នា ដោយមិនបានពិនិត្យពិគ្រោះជំងឺ និងគ្មានវេជ្ជបញ្ជា បើមានបញ្ហា ឬ ចង់សាកសួររឿងជំងឺ​​សុំទូរស័ព្ទទៅលេខ ១១៥ បើត្រូវការរថយន្តសង្គ្រោះទូរស័ព្ទទៅលេខ ១១៩ ហើយបើពាក់ព័ន្ធរឿងសន្តិសុខ ទូរស័ព្ទទៅលេខ ០១២ ៩៩៩៩៩៩។

លោក ម៉ម ប៊ុនហេង ក៏បានប្រាប់នូវវិធីសាស្រ្តមួយចំនួនសម្រាប់លោកយាយ-លោកតា ដើម្បីបញ្ចៀសនូវបញ្ហាសុខភាពផងដែរ។ លោក រដ្ឋមន្រ្តី បានផ្តាំថា លោកយាយ លោកតា ពេលក្រោកពីដំណេក​ត្រូវអង្គុយមួយសន្ទុះសិន ចាំក្រោកឈរ មិនត្រូវក្រោកឈរភ្លាមៗនោះ ឡើយ ព្រោះអាចប៉ះពាល់ដំណើរការឈាម ហើយត្រូវប្រយ័ត្នពេលចូលបន្ទប់ទឹក ត្រូវពាក់ស្បែកជើងកុំឲ្យរអិលដួល ត្រូវហាត់ប្រាណ​ជាប្រចាំ ដើម្បីសុខភាពល្អ។

ប្រជាពលរដ្ឋ ដែលទទួលបានការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យនេះ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានខិតខំផ្តល់សេវាជូនដល់ពួកគាត់៕