(បន្ទាយមានជ័យ)៖ សាច់មាន់ ថ្លើមមាន់ និងជង្គង់មាន់ខូចគុណភាព ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ បើកប្រតិបត្តិការចុះ​ទៅចាប់ដកហូត បានចំនួន១០កញ្ចប់ធំ ដែលស្នើនឹង១២០គីឡូក្រាម ស្ថិតនៅផ្សាររ៉ា ក្រុងប៉ោយប៉ែត។

លោក ហុង លាង អនុប្រធានសាខាកាំកុងត្រូល ទទួលបន្ទុកស្ថិតិ និងទីផ្សារ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា «សាច់មាន់ ថ្លើមមាន់ និងជង្គង់​មាន់​ចំនួន១២០​គីឡូក្រាម ត្រូវបានយើងដកហូត បានពីការនាំចូលមកពីប្រទេសថៃ តាមរយៈក្រុមកម្មករ អូសរទេះ នៅវេលាម៉ោងជាង​៨ព្រឹកមិញ ហើយនៅវេលា​ម៉ោងជាង១​រសៀលថ្ងៃនេះ យើងបានសហការ​ជាមួយនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង​មហាផ្ទៃ និងមន្រ្តីគយ នៅតាមព្រំដែនយកទៅដុតកម្ទេចចោល នៅកាស៊ីណូផ្កាយ៥»

លោក ហុង លាង បានបញ្ជាក់ថា ក្រោមការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្ត មន្រ្តីរបស់យើងបានខិតខំយ៉ាងខ្លាំង សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបន្តចុះ ស្រាវជ្រាវជាប្រចាំចំពោះ ការលួចនាំចូលសាច់ខូចគុណភាព ពីព្រោះនេះបានធ្វើឲ្យមានការប៉ះពាល់​យ៉ាងខ្លាំងដល់សុខភាព​ប្រជាពលរដ្ឋទូទៅ៕

Advertising