(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើច្បាប់ជាតិច្បាប់អន្តរជាតិ និងលិខិតតូបករណ៍អន្តរជាតិនានា។

នាយឧត្តមសេនីយ៍ គន់ គីម ថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញសំណេះសំណាល ជាមួយនាយទាហាន ពលទាហាននៃទីចាត់ការព្រំដែន នៃអគ្គបញ្ជាការប្រមាណ ២០០នាក់នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានជំរុញការបោះបង្គោលព្រំដែន ដើម្បីធានាអធិបតេយ្យ បូរណភាពទឹកដី ដ៏ពេញលេញរបស់កម្ពុជា និងកសាងខ្សែបន្ទាត់ព្រំដែនមួយ មានភាពច្បាស់លាស់ត្រឹមត្រូវ ប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញនាយទាហាន ពលទាហាន ដែលទទួលកិច្ចការព្រំដែន យកចិត្តទុកដាក់ពង្រឹងវិន័យ ដោយគោរពដាច់ខាតក្រឹត្យច្បាប់របស់រដ្ឋ ក្រឹត្យវិន័យ និងបទបញ្ជារបស់កងទ័ព សហការឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ស្ថាប័នមានសមត្ថកិច្ច កងឯកភាព ពាក់ព័ន្ធ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយ នៅតាមតំបន់ព្រំដែន។ នាយឧត្តមសេនីយ៍ ក៏បានជំរុញមន្រ្តីយោធាទទួលការងារព្រំដែន ក្តាប់ឲ្យបានជាប់រាល់សភាពការណ៍ សកម្មភាពបាតុភាពនានា ដែលបម្រុងនិងកើតឡើង ដើម្បីទប់ស្កាត់ និង ដោះស្រាយ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញនាយទាហាន និងពលទាហាន យកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្សសម្រាប់ជាប្រភពបន្តវេនទៅថ្ងៃអនាគត និង ត្រូវបង្កើនកិច្ចទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ដើម្បីធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក និងពិភាក្សាកំណត់វិធានការដោះស្រាយបញ្ហាតាមបណ្តោយព្រំដែនឲ្យមានស្ថេរភាព និង សុវត្ថិភាភាពល្អ។

ក្នុងសំណេះសំណាលនាព្រឹកមិញ ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ និង ជានាយកទីចាត់ការព្រំដែនអគ្គបញ្ជាការ បានលើកឡើងពីលទ្ធផលការងារ ដែលនាយទាហាន ពលទាហានរបស់ទីចាត់ការការងារព្រំដែន បានខិតខំបំពេញភារកិច្ចនាពេលកន្លងមក និង ទទួលបានលទ្ធផលគួរជាទីមោទនៈ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះស្នាដៃនិងលទ្ធផល ដែលសម្រេចបានដោយបានចាត់ទុកថា ជាការចូលរួមដ៏សំខាន់ នៅក្នុងផែនការកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ពិសេសក្នុងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ នៅតាមបណ្តោយព្រំដែន នៃមាតុភូមិ៕