(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ បានបង្គាប់ឲ្យមេធាវីរបស់លោក ដាក់ពាក្យប្តឹងជំទាស់ ទៅនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ករណីបរិហារកេរ្តិ៍ជាសាធារណៈលើ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលចេញកាលពីម្សិលមិញ។ នេះបើតាមការប្រកាសរបស់ លោក ឃី វណ្ណដេត តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ។

លោក ឃី វណ្ណដេត បានអះអាងនៅក្នុងសន្និសីទកាសែតមួយ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះថា លោក សម រង្ស៊ី គ្រោងនឹងពាក្យប្តឹងជំទាស់ លើសាលក្រមសាលាដំបូងរាជធានីភ្នំពេញនេះ ដោយលោកមើលឃើញថា សាលក្រមនេះ មានភាពមិនប្រក្រតីត្រង់ថា ករណីនេះជាសាលក្រមព្រហ្មទណ្ឌ ហើយការបង់សងជាអតិបរមារហូតដល់១០លានរៀល។ ម្យ៉ាងទៀតសម្រាប់ប្រាក់សងជំងឺចិត្តគឺមិនមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ​ ពីកំរិតទឹកប្រាក់ នៃការសងឡើយ គ្រាន់តែបញ្ជាក់ថា ត្រូវសងឲ្យសមល្មមនឹងផលប៉ះពាល់ តែតុលាការក្រុងភ្នំពេញ បានចាត់ឲ្យ លោក សម រង្ស៊ី បង់សងជំងឺចិត្តរហូតដល់ ១៥០លានរៀល។

លោក ឃី វណ្ណដេត បានថ្លែងថា «ការប្រកាសសាលក្រមនេះ ឯកឧត្តមប្រធាន (សម រង្ស៊ី) នឹងឲ្យមេធាវីប្តឹងជំទាស់។ សាលក្រមនេះ បើយកមកវិភាគគឺមានភាពចម្លែក។ ចម្លែកត្រង់ថា វាជាសាលក្រមព្រហ្មទណ្ឌ ហើយការបង់សងជាអតិបរមារហូតដល់ ១០លានរៀលតែម្តង ចំណែកប្រាក់សងជំងឺចិត្តគឺមិនមានចែកនៅក្នុងក្រមព្រហ្មទណ្ឌ អត់មានដាក់កំរិតម៉ានៗនោះតេ គ្រាន់តែដាក់សងជំងឺចិត្ត ឲ្យសមល្មមនឹងផលប៉ះពាល់ តែតុលាការក្រុងភ្នំពេញ បានចាត់ឲ្យ ឯកឧត្តម សម រង្ស៊ី បង់សងជំងឺចិត្តរហូតដល់ ១៥០លានរៀល»

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ បានសម្រេចផ្តន្ទាទោសពិន័យជាប្រាក់លើ លោក សម រង្ស៊ី ចំនួន១០លានរៀលចូលថវិការដ្ឋ និងសងសំណងជំងឺចិត្តដល់ សម្តេច ហេង សំរិន ចំនួន១៥០លានរៀល ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។

សំណុំរឿងនេះ ត្រូវបានប្តឹងដោយ លោក គី តិច មេធាវីសម្តេច ហេង សំរិន ប្រធានរដ្ឋសភា កាលពីចុងឆ្នាំ២០១៥ បន្ទាប់ពី លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បង្ហោះនៅលើបណ្តាញ សង្គម Facebook របស់លោក ដោយចោទប្រកាន់ សម្តេច ហេង សំរិន ថាជាអ្នកកាត់ទោស សម្តេច សីហនុ ថាជាជនក្បត់ជាតិ ពេលសម្តេច ហេង សំរិន ធ្វើជាប្រមុខរដ្ឋ។

រហូតដល់ពេលនេះ លោក សម រង្ស៊ី ដែលកំពុងគេចខ្លួនទៅក្រៅប្រទេស កំពុងញាំញីដោយពាក្យបណ្តឹង នៅតុលាការកម្ពុជា ក្នុងនោះមាន ការទាមទារឱ្យអនុវត្តសាលក្រមរឿងចាញ់ក្តី ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, សំណុំរឿងក្លែងឯកសារព្រំដែនបំបែកចេញពីសំណុំរឿង លោក ហុង សុខហួរ និងសំណុំរឿងបរិហារកេរ្តិ៍ លើសម្តេច ហេង សំរិន ជាដើម៕

Advertising