(សៀមរាប)៖ ប្រាសាទបុរាណខ្មែរ នៅសៀមរាបអង្គរ៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្ត ដែលបានសាងសង់ឡើង ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នាដើមសតវត្សទី១២ កំពុងទទួលបាននូវ ការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្ម និងចម្លាក់នានា ប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។ ដោយមានសភាពចាស់ទ្រុឌទ្រោម ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសហការគ្នាលើការជួសជុល ឲ្យកាន់តែប្រសើរឡើង និងមានសភាពដូចដើម។

ផ្អែកលើប្រវត្តិ នៃកិច្ចការអភិរក្សប្រាសាទអង្គរវត្ត បានបង្ហាញថា អំឡុងសតវត្សទី១៦ ដល់ទី១៨ គឺក្នុងពេលរាជធានី ត្រូវបានផ្លាស់ចេញពីអង្គរ ហើយព្រះបាទចន្ទរាជា បុត្រ និងចៅ របស់ព្រះអង្គ បានធ្វើការជួសជុល និងបំពេញបង្រ្គប់ លើរចនាសម្ព័ន្ធខ្លះៗ ដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀត ប្រាសាទអង្គរវត្ត ត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះ និងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់ ឬ ទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។

កិត្តិនាមលើតម្លៃ នៃប្រាសាទអង្គរវត្ត មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួន ចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។

លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្ម ដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្ត បានបញ្ជាក់ថា បច្ចុប្បន្នការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្ម នៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័ន រួមមាន៖

ទី១-គម្រោងរបស់អាជ្ញាធរជាតិអប្សរា ដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួច និងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង ៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេស ផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធសាធ នៃអាជ្ញាធរជាតិអប្សរា

ទី២-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគ នៅក្ការបែនខាងលិច និងច្រាំងកសិន្ធុខាងលិច ប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ២០១៥កន្លងទៅ

ទី៣-គម្រោងជួសជុលក្បាច់ចម្លាក់ និងចម្លាក់ទេពអប្សរារបស់ប្រទេសអាឡឺម៉ង់ សហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-GACP) ហើយបច្ចុប្បន្នគម្រោងនេះ កំពុងជួសជុលបន្ទាន់លើស្ថានភាព ខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត

ទី៤-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន (APSARA-SOPHIA) កំពុងរៀបចំ និងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធ ការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។ ដោយឡែកនៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាត និងពុកផុយដល់ផ្ទៃរឿង ចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះ នៅ ឆ្នាំ២០១២៕