(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើរបៀបវារៈមួយចំនួន ទាក់ទងនឹងការរៀបចំ បញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការគ.ជ.ប ដោយរបៀបវារៈមួយចំនួន ដូចជា ទី១ ពិនិត្យ និងសម្រេចលើ ស្ប៉តវិដេអូស្តីពី នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជី បោះឆ្នោតថ្មី ឆ្នាំ២០១៦ ទី២ ពិនិត្យនិងសម្រេច លើសេចក្តីព្រាងសៀវភៅជំនួយស្មារតី សម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និង ទី៣ ពិនិត្យនិងសម្រេចលើសេចក្តីព្រាងសៀវភៅណែនាំស្តី ពីនីតិវិធីនៃការទទួល និងដោះស្រាយបណ្តឹងសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងចុងក្រោយអង្គប្រជុំ នឹងលើកឡើងពីបញ្ហាផ្សេងៗដែលនៅ សេសសល់ មួយចំនួនទៀត។

កន្លងមក លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០១៦ ជាកិច្ចការសំខាន់បំផុតសម្រាប់ការរៀបចំ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។ លោក ស៊ិក ប៊ុនហុក បន្តថា ការបោះឆ្នោតល្អ ឫមិនល្អ គឺផ្តើមចេញពីការរៀបចំបញ្ជីឈ្មោះបោះឆ្នោត បើបញ្ជីឈ្មោះបោះឆ្នោត រៀបចំបានល្អ នោះ ការបោះឆ្នោត នឹង ទទួលបានជោគជ័យ៦០ទៅ ៧០ភាគរយ។

គ.ជ.ប នឹងចាប់ផ្តើមដាក់ឱ្យប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ខាងមុខនេះផងដែរ៕