(ភ្នំពេញ)៖ អ្នក​ប្រើប្រាស់​បណ្តាញសង្គម​ Facebook បាន​កត់​សម្គាល់ឃើញថា​ សារ​ដែល​លោក​ អេង​ ឆៃអ៊ាង បាន​បង្ហោះផ្សាយ​នៅលើគណនេយ្យ​ Facebook ផ្ទាល់​ខ្លួននៅ​ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ​២០១៦នេះ គឺបានបង្ហាញ​យ៉ាង​ច្បាស់​នូវ​កិច្ច​សហការ​យ៉ាង​ស្អិត​រមួត​ជាមួយ​វិទ្យុអាស៊ីសេរី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត​ ដែល​និយម​ចូលចិត្ត​ផ្សាយ​ភូត​កុហក​ និង​បន្លំសាធារណៈមតិ​។

លោក​បាន​ហាម​មិន​ឲ្យ​ពលរដ្ឋ​គិត​ពីចំនួន​អ្នក​ហែសព​លោក កែម ឡី​ និង​បាន​ជម្រុញ​ឲ្យ​រក​មេខ្លោង​ឃាតក ​នៅពីក្រោយ​នៃការ​បាញ់​សម្លាប់​លោក កែម ឡី​។ បើគិត​ពី​បំណងរបស់លោក​ហាក់​បី​ដូចជា លោកមាន​គំនិត​ល្អ​ ហើយ​ឈឺឆ្អាល​ នឹងការស្វែងរក​យុត្តិធម៌​ខ្លាំង​ណាស់ ​ចំពោះ​សពលោក កែម ឡី​ ប៉ុន្តែចំពោះ​យើងខ្ញុំ​ និង​អ្នកតាមដានស្ថានការណ៍នយោបាយ​ជាច្រើននៅស្រុកខ្មែរ​យល់ឃើញថា ការដែលលោក​ (អេង ឆៃអ៊ាង) មិនចង់​ឲ្យគេគិត​ និងបង្ហាញ​ការពិត​នូវ​ចំនួន​អ្នក​ចូលរួម​ហែរសព​លោក កែម ឡី គឺបាន​បង្ហាញ​យ៉ាង​ច្បាស់ថា ខ្លួនលោកផ្ទាល់​ពិតជាមានបំណង​ចង់ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ច្រលំ​ ដូចកាលបំពុលពីតួរលេខ នៃចំនួន​អ្នក​ហែសពលោក កែម ឡី ដូចការផ្សាយ​របស់​វិទ្យុអាស៊ីសេរី ប្រាកដមែន​។

គេនៅចាំបានថា វិទ្យុ​អាស៊ីសេរីបាន​ផ្សាយ​ថា ចំនួនអ្នកចូលរួមដង្ហែរសពលោក កែម ឡី ប្រមាណ២លាននាក់ និងមានប្រវែងក្បួនប្រមាណ៣០គីឡូម៉ែត្រ​ ដែល​ជា​ចំនួន​ភូត​កុហក​ដ៏អាក្រក់បំផុត​ ហួសហេតុ ហើយ​ក៏​គ្មាន​អ្នកណា​ជឿ​បាន​ដែរ​ ពីព្រោះ​បើគេគណនា​ចម្ងាយផ្លូវពីវត្តភ្នំ ទៅ​រង្វង់មូលចោមចៅ​មាន​ចំងាយតែ​ ១១គីឡូម៉ែត្រ​តែប៉ុណ្ណោះ ហើយ​ក្បួន​ដង្ហែសពលោក កែម ឡី​​ មិន​មាន​ប្រវែងរហូតដល់​ ១១គីឡូម៉ែត្រ​នោះ​ទេ​ និងអ្នកហែទៀតសោត​ បើគណនា​លើ​កំណាត់ផ្លូវ​សហព័ន្ធរុស្ស៊ី គឺ​ក្បួនហែ​មាន​តែ​មួយ​ភាគ ​នៃពាក់កណ្តាលទ្រូងផ្លូវ​​តែប៉ុណ្ណោះ​ ​ដែលមួយភាគទៀត​ គឺជាអ្នកដំណើរ​បញ្ច្រាស់​ទិសគ្នា​។

គេអាចយល់បានយ៉ាងច្បាស់ថា​ គណបក្ស​ប្រឆាំង​ បាន​ចាត់ទុកតួលេខ​របស់​វិទ្យុ​អាស៊ី​សេរីនេះ​ថា ជាចំនួន​នៃ​អ្នក​គាំទ្រ​គណបក្ស​ខ្លួន​ ដែល​បាន​ចូលរួម ​ហែរសព​លោក កែម ឡី ខណៈដែល​សាធារណៈជនបានដឹងថា លោក កែម​ ឡី​ កាល​នៅ​រស់​គឺគណបក្ស​ប្រឆាំង​ស្អប់គាត់​ជាទីបំផុត​ ដោយសារតែលោក កែម ឡី គឺជាស្ថាបនិកបង្កើតគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ ដណ្តើម​សម្លេង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ បាន​ក្នុង​ចំនួន​ច្រើន​បំផុត​។ មាន​ភស្តុតាងមួយ​បញ្ជាក់ថា​ លោកស្រី ជូឡុង សូម៊ូរ៉ា បាន​បោះចោល​នូវ​​ឯកសារ​​ ដែល​ជាផែនការ​កំណែទម្រង់​ការដឹកនាំ​របស់​គណបក្ស​សង្គ្រោះជាតិ​ សរសេរ​ដោយ​លោក កែម ឡី​ ដែល​ទង្វើនោះ​ ក៏ជាដើមចម​ ឲ្យលោក កែម ឡី បញ្ឈប់​ការ​គាំទ្រ​បក្ស​ប្រឆាំង​ ហើយទៅធ្វើ​សកម្មភាព​ក្នុង​បក្ស​នយោបាយ​ថ្មីមួយ​ ដើម្បី​វាយបំបាក់បក្ស​ប្រឆាំង​វិញ​។

សំនួរ​ត្រូវបាន​ចោទសួរថា​ ហេតុអ្វី​បានជា​ថ្នាក់ដឹកនាំបក្ស​ប្រឆាំង​ងាកមកយក​សាកសព​លោក កែម ឡី ដើម្បី​ធ្វើ​អាជីវកម្មនយោបាយ​របស់ខ្លួនទៅវិញ​? ពិតជាមិនមានការខ្មាស់អៀនមែន​! កាលដែល​លោក កែម ឡី​ នៅរស់​ពួកគេចាត់ទុកគាត់ជាសត្រូវ​ តែដល់ពេល​លោក កែម ឡី​ ស្លាប់ទៅ​ ហេតុតែចង់កេង​ផលប្រយោជន៍នយោបាយ​ បែរជា​ចាត់ទុក​ខ្មោចលោក កែម ឡី ថាជាវីរៈបុរស ឬ​ជាដុំពេជ្រ​ដ៏​មាន​តម្លៃ​របស់​គេ​ទៅវិញ​។ នេះហើយ​ដែលគេហៅថា​ ក្រុម​បននយោបាយ​ ដែលគិត​តែពី​ប្រយោជន៍​សួនតួ​ ក្នុងន័យថា​ ឲ្យ​តែ​មាន​ឱកាសណា​ត្របាក់ស៊ីបាន គឺគិតតែពីលេប​ គិតតែពី​ត្របាក់​ និង​បង្កើត​បញ្ហា​ផ្សេងៗ​ជាច្រើន​ ដើម្បី​រកលេសទម្លាក់​កំហុស​ដល់​គណបក្ស​ដទៃ​។ តាម​ទស្សនៈ​ក្នុង​រឿង​ភាគចិន​ថា បើចង់ដឹងថាអ្នកណាជាឃាតករ ត្រូវវិភាគមើលថា ការស្លាប់របស់ម្នាក់នោះមានប្រយោជន៍ដល់អ្នកណាជាងគេ។

ពាក្យ​មួ​យឃ្លានេះ​ ក៏​អាច​ជា​ចម្លើយ​បញ្ជាក់យ៉ាង​ច្បាស់​ឆ្លើយតប​ទៅ​លោក អេង​ ឆៃអ៊ាង​ វិញថា មិនចាំបាច់​លោកធ្វើជាពើ​ ឬ​ក៏ស្រែក​ប្រកូកប្រកាស​ឲ្យ​មាន​ការ​ស្វែងរក​មេក្លោង​នៅ​ពី​ក្រោយ​ឃាតកម្ម​លោក កែម ឡី​ នោះទេ​ ពីព្រោះ​តាំង​ពី​លោក កែម ឡី ត្រូវ​បាន​គេ​បាញ់​សម្លាប់​មក​ម្លេះ​ គណបក្ស​ប្រឆាំង​នេះ​ឯង​ ដែល​ជា​អ្នក​ក្រសោប​យក​ផល​ប្រយោជន៍​ តាមរយៈ​សំអុយ​ និង​ទម្លាក់​កំហុស​ដាក់​លើ​រាជរដ្ឋាភិបាល​ថា ​បាន​ប្រព្រឹត្តិ​នូវ​អំពើ​ឃោឃៅនោះ​ ដើម្បី​ជាការ​បំបាក់​ស្មារតី​អ្នក​បញ្ចេញ​មតិ​។ ប៉ុន្តែ​ធាតុ​ពិត​ការ​ស្លាប់​របស់លោក កែម ឡី​ គឺ​បាន​ខាតបង់​នូវ​ផល​ប្រយោជន៍​ជាច្រើន​របស់​គណបក្ស​កាន់​អំណាច និង​រាជរដ្ឋាភិបាល​ទាំង​មូល​។
ដូច្នេះគ្មាន​ហេតុផលណា​ ដែល​អ្នក​ដឹកនាំ​ប្រទេស​ចង់ឃើញ​ប្រទេស​របស់​ខ្លួន​កើតមាន​នូវ​អំពើ​ចលាចល​ ឬឃាតកម្ម​ ថាជារឿងចំណេញនោះឡើយ​។

បន្ទាប់ពីសព​លោក កែម ឡី យកទៅបញ្ចុះ​នៅ​ស្រុក​កំណើត​រួចហើយ ពួក​ប្រឆាំង​ដូចជាបាន​កេង​ចំណេញ​សព​លោក កែម ឡី លែងបាន​ ក៏​លោក សម រង្ស៊ី បង្កើត​បញ្ហា​ថ្មីៗ​មកជំនួសវិញ​ តាមរយៈ​ផ្តល់កិច្ច​សម្ភាសន៍ ស្នើសុំទៅសហគមន៍​អ៊ីរ៉ុប​ ឲ្យ​បិទទីផ្សារនាំចេញសំលៀកបំពាក់​ពីកម្ពុជាទៅអឺរ៉ុប​ ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​បណ្តា​សហជីពការងារ​ និង​កម្មករ​ជាច្រើន​ ដោយពួកគេ​ចាត់​ទុកថា​ មេបក្ស​ប្រឆាំង​រូបនេះ​បាន​វាយ​បំបែក​ឆ្នាំង​បាយ​របស់​ពួកគេ​។

សរុបសេចក្តីមក​ ល្បែង​នយោបាយ​ភូតកុហក​ ឃុបឃិត​គ្នា​បំភាន់​តួរលេខ​នៃ​ចំនួន​អ្នក​ហែសព​ ការធ្វើជារកលេស​ឲ្យ​ស្វែងរក​មេ​ក្លោង​បាញ់​សម្លាប់​លោក កែម ឡី ក៏ដូចជា​ការបង្កើតព្រឹត្តិការណ៍ថ្មី​ៗ របស់​មេបក្ស​ប្រឆាំង​ សុទ្ធតែជាកលល្បិចដើម្បី​ កេងចំណេញ​ផលប្រយោជន៍នយោបាយ​ប្រជាភិថុត​របស់ខ្លួន​តែប៉ុណ្នោះ​។

សូម​លោក​ អេង ឆៃអ៊ាង ឈប់បានឈប់ទៅ! បើលោកចង់ដឹងថា អ្នកណា​ជាមេក្លោង​នៅពីក្រោយ​ការបាញ់សម្លាប់លោក កែម ឡី សូមលោកទៅសួរមេរបស់លោកទៅ​ដឹងច្បាស់ហើយ៕

ដោយ៖ បាន​ វិភាគ​