(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រាប់ទៅពលរដ្ឋថា «យើងអាចរស់តាំងពីឆ្នាំ១៩៧៩មកបាន យើងត្រូវបន្តរស់តទៅទៀត ចំពោះការអភិវឌ្ឍគឺយើងមិនអាចអភិវឌ្ឍន៍ លើទឹកភ្នែកប្រជាពលរដ្ឋបានទេ លុះត្រាតែមានការស្នើសុំ ឯកភាពយល់ព្រម  ឬក៏ដោះស្រាយគោលនយោបាយណាមួយសមរម្យ»

ការថ្លែងឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ទីរជំនាញ ចុះពិនិត្យដោយផ្ទាល់ ជុំវិញការងារធ្វើផ្លូវ និងដាក់លូរំដោះទឹក តាមបណ្តាទីតាំងមួយចំនួនក្នុងក្រុងពោធិ៍សាត់ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

លោក ម៉ៅ ធនិន បានឲ្យដឹងថា យោងតាមស្ថានភាពជាក់ស្តែង និងតាមការស្នើសុំពីប្រជាពលរដ្ឋខាងលិចផ្សាថ្មី ឲ្យអាជ្ញាធររៀបចំលូ ជូនផងនោះ លោកបានឯកភាពយល់ព្រម និងបានចាត់ឲ្យមន្ទីរជំនាញចុះធ្វើការសិក្សា និងស្ថាបនាជូនឲ្យបានឆាប់រហ័ស ដោយប្រជាពលរដ្ឋចូលរួមសហការជួយចេញជាលូ ខេត្តជួយចេញកម្លាំងពលកម្ម។ ក្នុងឱកាសបន្តចុះទៅពិនិត្យផ្លូវមួយខ្សែរ តាមប្រឡាយព្រៃញី លោកបានសន្យាថានឹងចាក់បេតុងជូនជំនួនផ្លូវកៅស៊ូ ដើម្បីជាយុទ្ធសាស្ត្រទៅថ្ងៃខាងមុខ ហើយក្បាលប្រឡាយ លោកបានចាត់ឲ្យមន្ទីរធនធានទឹក រៀបចំចាក់ប៉េតុងឲ្យមានសោភណ្ឌភាព។

ជាមួយគ្នានោះ លោកបានបញ្ជាក់ថា គ្រោងផ្លូវលេខ ៣០៤ មានប្រវែង ៤២៥ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋគាត់បានរស់នៅដោយសុខស្រួលទៅហើយ មិនដែលមានបញ្ហាអ្វីនោះទេ នៅពេលធ្វើផ្លូវថ្មី វាប៉ះពាល់ដល់ពួកគាត់ ខ្លាំងណាស់។ ដូច្នេះកន្លែងណាចាំបាច់ខ្លាំងទើបយើងធ្វើ បើមិនចាំបាច់ខ្លាំងមិនបាច់ធ្វើនោះទេ ព្រោះថាបើយើងអភិវឌ្ឍន៍លើទឹកភ្នែក ប្រជាពលរដ្ឋ វាកាន់តែធ្វើឲ្យប្រជាពលរដ្ឋលំបាកថែមទៀត។

នៅពេលទទួលបាននូវអនុសាសន៍នេះអ្នកភូមិ មានការពេញចិត្ត និងរីករាយ ចំពោះចំណាត់ការរបស់លោកអភិបាលខេត្តដែលបាន យកចិត្តទុកដាក់ គិតគូអំពីទុកលំបាករបស់ប្រជាពលរដ្ឋ និងប្តេជ្ញាចូលរួមសហការគ្រប់បែបយ៉ាង ជាមួយអាជ្ញាធរក្រុងខេត្តក្នុងការ ស្ថាបនាប្រព័ន្ធផ្លូវ និងលូ សំដៅធ្វើយ៉ាងណា ឲ្យភូមិសង្កាត់ មានសោភណ្ឌភាព កាន់តែប្រសើរឡើង នៅក្នុងទីប្រជុំជនរបស់ខេត្ត៕