(ភ្នំពេញ)៖ នេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើអាមេរិក ជួយបណ្តុះបណ្តាលជំនាញត្រួតពិនិត្យស្តង់ដារការងារ ដល់មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោករដ្ឋមន្រ្តីថា ជំនាញនេះ មានសារៈសំខាន់ដល់ការលើកស្ទួយផលិតភាពការ ងាររបស់កម្ពុជា ដើម្បីធ្វើពិពិធកម្មវិស័យនាំចេញ ដែលជាគន្លឹះក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។

សំណើរបស់លោករដ្ឋមន្រ្តី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Erland Herfindahl អនុប្រធាន នៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ទទួលបន្ទុកកិច្ចការប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

នៅក្នុងជំនួប ក៏បានពិភាក្សាលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ សម្រាប់មុខទំនិញប្រភេទកាបួបដាក់សម្ភារៈ ធ្វើដំណើរផលិតនៅកម្ពុជា ដែលទើបផ្តល់ជូនដោយរដ្ឋបាលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីថ្មីៗនេះផងដែរ។

លោក Erland Herfindahl បានជម្រាបជូន លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា សហរដ្ឋអាមេរិក មានបំណងជួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហើយប្រព័ន្ធអនុគ្រោះព័ន្ធថ្មី នឹងជំរុញឲ្យការបណ្តាក់ទុនពីបរទេសមកកម្ពុជាកាន់តែច្រើន ដែលនឹងផ្តល់កាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងការធ្វើពិពិធកម្មការងារ និង ជំនាញសំដៅកាត់បន្ថយភាពក្រីក្រ។

ជាកិច្ចឆ្លើយតបលោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលតែងគិតគូរយកទុកចិត្តទុកដាក់ជួយប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានប្រាប់ដៃគូសន្ទនារបស់លោកថា រដ្ឋាភិបាលកម្ពុជា បានកំពុងធ្វើការជាមួយអង្គការពលកម្មអន្តរជាតិ ILO លើកម្មវិធីរោងចក្រកាន់តែប្រសើរកម្ពុជា ដើម្បីលើកកម្ពស់ស្តង់ដារនៅតាមរោងចក្រនានា។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបប្រតិភូសហរដ្ឋអាមេរិក ឲ្យពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយបច្ចេកទេស សម្រាប់ការអនុវត្តធ្វើឲ្យប្រសើរដល់លក្ខខណ្ឌការងារ នៅកម្ពុជាផងដែរ៕