(ព្រះសីហនុ)៖ ដើម្បីជំរុញការគាំទ្រផលិតផលខ្មែរ ក្នុងយុទ្ធនាការ «ទិញផលិតផលខ្មែរ» នោះ ក្រសួងពាណិជ្ជកម្ម បានបើកពិព័រណ៍ពា ណិជ្ជកម្មផលិតផលខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់៣១ ខែកក្កដា ឆ្នាំ២០១៦ នៅលើឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

ពិធីបើកពិព័រណ៍ពាណិជ្ជកម្មនៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រ សួងពាណិជ្ជកម្ម។

ក្នុងពិធីសម្ពោធនេះ លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលកំពុងចូលរួមនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ និងទទូចឲ្យចូលរួមគាំទ្រផលិតផលរបស់ខ្មែរ។ លោករដ្ឋមន្រ្តី បានអញ្ជើញប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាការតាំងពិព័រណ៍ និង ការសម្ដែងសិល្បៈ ដែលសម្ដែងដោយតារាចម្រៀង និងក្រុមកំប្លែងល្បីៗ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មបានដាក់ចេញយុទ្ធនាការទិញផលិតផលខ្មែរ ដើម្បីជំរុញការគាំទ្រដល់ផលិតផលខ្មែរ។ យុទ្ធនាការនេះ ជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយ ឱ្យងាកមកប្រើប្រាស់ទំនិញក្នុងស្រុក, កាត់បន្ថយការហូរចូលទំនិញពីបរទេស, ជំរុញការនាំចេញផលិតផលខ្មែរទៅក្រៅប្រទេស, រួមចំណែកជួយពង្រឹងសមត្ថភាពផលិត និង បង្កើនការងារធ្វើជូនប្រជាជនក្នុងស្រុក។

យុទ្ធនាការនេះ ក៏នឹងផ្ដល់ការយល់ដឹងខ្ពស់ដល់ផលិតករក្នុងស្រុកឲ្យផលិតនូវទំនិញមានគុណភាពខ្ពស់, មានអនាម័យ, ធានាសុវត្ថិភាពប្រើប្រាស់, មានសោភ័ណភាពទាក់ទាញ និងមានតម្លៃសមរម្យអាចប្រកួតប្រជែងជាមួយទំនិញនាំចូល។ ការសម្រេចបានជោគជ័យនៃយុទ្ធនាការទិញផលិតផលខ្មែរ។

យុទ្ធនាការនេះ ក៏នឹងជួយបង្កបាននូវបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មក្នុងស្រុកកាន់តែល្អប្រសើរ, បង្កើនលទ្ធភាពផលិតកម្ម និងបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុកបានជាអតិបរិមា, ផលិតនូវទំនិញថ្មីៗ បម្រើសេចក្ដីត្រូវការក្នុងស្រុក បន្ថយការនាំចូល និងជំរុញការនាំចេញ, ធ្វើពិពិធកម្មមុខទំនិញថ្មីៗ ដែលមានលទ្ធភាពប្រកួតប្រជែងទាំងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក, និង បង្កើតបាននូវការងារថ្មីថែមទៀត ជួយបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និង រួមចំណែកកាត់បន្ថយភាពក្រីក្រ។

ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតជាតិ ដ៏សំខាន់នេះ ត្រូវបានបង្កើតឡើងក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះផងដែរ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ដែលមានគុណភាព។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញសក្ដានុពល ដ៏សម្បូរបែប ដែលយកមកពីបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏មានរៀបចំនូវសិក្ខាសាលាស្តីពី «ការកសាងទំនុកចិត្តលើផលិតផលខ្មែរ» និងការសម្ដែងសិល្បៈពីររាត្រី សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋយើងលំហែផងដែរ៕