(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសរួម ដោយសម្រេចពីការ គ្រប់គ្រង និងប្រើប្រាស់ប្រាក់ចំណូល ដែលបានមកពីបង្ក្រាបបទល្មើសគ្រឿងញៀន ដោយ២៩ភាគរយត្រូវបង់ចូលថវិកាជាតិ ៧០ភាគរយផ្តល់ជូនអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង១ភាគរយ ផ្តល់ដល់ក្រសួងសេដ្ឋកិច្ច។

យោងតាមប្រកាសរួមដដែលបានឲ្យដឹងថា ក្រោយពីមានសេចក្តីសម្រេចជាស្ថាពរ របស់សាលាជម្រះក្ដី ទ្រព្យសម្បត្តិដែលទទួលបាន ពីបទល្មើសគ្រឿងញៀន ទាំងស្រុងត្រូវជាចំណូលរដ្ឋ និងត្រូវបែងចែករួមមាន៖

១.ចំណែកត្រូវបង់ចូលថវិការជាតិចំនួន ២៩% នៃប្រាប់ចំណូលប្រមូលបាន

២.ចំណែកផ្ដល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន ៧០% នៃប្រាប់ចំណូលប្រមូលបាន

៣.ចំណែកផ្ដល់ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ១% នៃប្រាប់ចំណូលប្រមូលបាន សម្រាប់ចំណាយឧបត្ថម្ភ លើកទឹកចិត្តមន្រ្តី ដែលបានបំពេញភារកិច្ចពាក់ព័ន្ធ។

ចំណែកទឹកប្រាប់ចំណូលចំនួន ៧០%នៃប្រាក់ចំណូលប្រមូលបាន ដែលផ្ដល់ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចាត់ចែង សម្រាប់ចំណាយ ទៅលើដូចជា៖

១.ផ្ដល់ឲ្យអង្គការរដ្ឋ ឬឲ្យទៅសមាគមឯកជន ក្នុងគោលបំណងគាំទ្រការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ ឫការប្រព្រឹត្តបទល្មើសពាក់ព័ន្ធ គ្រឿងញៀន។

២.​ធ្វើវីភាគទានដល់ស្ថាប័ន អង្គភាព ឬ អង្គការឯកទេសនានា ដែលធ្វើពិសោធន៍គ្រឿងញៀន ការព្យាបាលនិងការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន។

៣.ផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីដែលបានបំពេញភារកិច្ចក្នុងការគ្រប់គ្រង និងប្រមូលចំណូលដែលបានមកពីបទល្មើសគ្រឿងញៀន។

៤.ចំណាយពង្រឹងយន្តការលើការបង្រ្កាបបទល្មើសគ្រឿងញៀន។