(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចាប់ដៃគូជាមួយប្រទេសកូរ៉េ រៀបចំសិក្ខាសិលាមួយ ស្តីពីការបង្កើត គំរូសមាហរណកម្ម នៃការផ្តល់សេវាអប់រំ វេជ្ជសាស្ត្របុរាណកម្ពុជា ដើម្បីលើកកម្ពស់នូវគោលនយោបាយសុខាភិបាល របស់ប្រទេសកម្ពុជា និងសាធារណៈរដ្ឋកូរ៉េផងដែរ។

ថ្លែងនៅក្នុងកម្មវិធី សិក្ខាសាលាមួយ ស្តីពីការបង្កើត គំរូសមាហរណកម្ម នៃការផ្តល់សេវាអប់រំ វេជ្ជសាស្ត្របុរាណកម្ពុជា ដែលរៀបចំនៅថ្ងៃទី២៨ ខែកក្កដា រយៈពេលពេញមួយថ្ងៃ នាសមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ ដែលហៅកាត់ថា CKCC រដ្ឋលេខាធិការក្រសួងសុខាភិបាលលោក ញឹម យ៉ាន់ បានឲ្យដឹងថា លោកទទួលស្គាល់ថា វេជ្ជសាស្ត្របុរាណកម្ពុជា គឺមានតាំងពីយូលង់តកូនចៅច្រើនឆ្នាំ ហើយតាំងពីសម័យអង្គរ ហើយយើងក៏មានធនធានធម្មជាតិ សម្បូរបែបដែលបម្រើឲ្យ វិស័យវេជ្ជសាស្ត្របុរាណ ហើយពេលនេះ ខាងក្រសួងកំពុងតែខិតខំធ្វើវាបណ្តើរៗ ដោយចាប់ផ្តើមពីការ បណ្តុះបណ្តាលអប់រំ ប្រជាពលរដ្ឋឲ្យពីវេជ្ជសាស្ត្របុរាណ ហើយលើសពីនេះ យើងចង់ឲ្យវេជ្ជសាស្ត្របុរាណ ដើរតួបឋមសម្រាប់ ព្យាបាលជំងឺ។

លោកបានបន្តទៀតថា ក្រៅពីនេះយើងមាន គោលការណ៍ជាបណ្តើរៗ ដោយសមត្ថភាពខ្លួន យើងនិង ដោយមានការសហការ ជាមួយអង្គការសុខភាពពិភពលោក ធ្វើការស្រាវជ្រាវ ដើម្បីវិភាគគុណភាព នៃឱសថបុរាណព្រោះថាកន្លងមកប្រទេសចិនក្តី ក៏មានការលើកកម្ពស់វេជ្ជសាស្ត្របុរាណ របស់គេរហូតដល់ល្បី ឈ្មោះលំដាប់ពិភពលោក ព្យាបាលជំងឺគ្រុនចាញ់។

ដោយឡែក អនុប្រធានមជ្ឈមណ្ឌលជាតិ ស្រាវជ្រាវវេជ្ជសាស្ត្របុរាណ លោក ឆាយ ស៊ីផុន បានឲ្យដឹងថា ឱសថបុរាណជាអាវុធមុខពីរ បើយើងប្រើឱសថបុរាណ ត្រឹមត្រូវ គឺអាចព្យាបាលជំងឺ បានដោយមានការចំណាយតិច ហើយមិនប៉ះពាល់សុខភាពនោះទេ តែបើសិនជាយើងប្រើ មិនត្រឹមត្រូវពេលខ្លះ ក៏ធ្វើឲ្យមានប៉ះពាល់ខ្លះៗដែរ។

បើនិយាយពីគូ្រជំនាញ ខាងផ្នែកវេជ្ជសាស្ត្រវិញ គឺរហូតមកដល់ពេលនេះ យើងនៅមិនទាន់ដឹងថា មានចំនួនប៉ុន្មានច្បាស់ទេ ព្រោះថាភាគច្រើនពួកគាត់ ប្រកបមុខរបរច្រើន បន្ថែមពីលើជំនាញនេះ តែយើងនឹងមានការត្រៀម បើកវគ្គបណ្តុះបណ្តាល គ្រូវេជ្ជសាស្ត្រ ប្រសិនបើអាចធ្វើទៅបាន៕