(កណ្ដាល)៖ កម្មករ-កម្មការិនីរោងចក្រ ហ្រ្គែនអីស្តហ៊្វូតវែរ ៣៣នាក់ ក្នុងចំណោមកម្មករជាង១ពាន់នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ក្រោយពីបរិភាគបាយថ្ងៃត្រង់រួច ស្ថិតក្នុងភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នាវេលាម៉ោង១២៖៣០នាទីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់អង្គភាព Fresh News បានឱ្យដឹងថា រៀងរាល់ម៉ោង១១៖៣០នាទី កម្មករតែងតែចេញមកហូបបាយ នៅខាងក្រៅរោងចក្រដល់ ម៉ោង ១២៖៣០នាទី ទើបពួកគាត់នាំគ្នាចូលធ្វើការជាធម្មតាវិញ តែចម្លែកនៅថ្ងៃនេះ បន្ទាប់ពីពួកគាត់បានចូលធ្វើការក្នុងរោងចក្រវិញ ស្រាប់តែមានឮសំឡេងកម្មករក្នុងអាគារA នៃរោងចក្រ បានស្រែកថា ខ្មោចចូល ឮដូចនេះ អ្នកនៅខាងក្រៅរោងចក្រ និងកម្មករដែលធ្វើការនៅអគារផ្សេង បានស្រែកតៗគ្នា និងចូលជួយភ្លាមៗតែម្ដង។

ប្រភពដដែលបានបន្ថែមថា ពេលចូលទៅក្នុងរោងចក្រភ្លាម គេឃើញមានកម្មករខ្លះទារកទឹក ខ្លះទៀតរកខោអាវ មានអាការៈ ទន់ដៃទន់ជើង ហើយក៏ដួលសន្លប់ជាបន្តបន្ទាប់គ្នា តែម្ដង។ តាមការពិនិត្យរបស់លោកគ្រូពេទ្យ «សុខាបែកចាន» បានបញ្ជាក់ថា កម្មករដួលសន្លប់នោះ មកពីកម្មករទាំងនោះ មានសុខភាពខ្សោយ។ បច្ចុប្បន្ន កម្មករដែលដួលសន្លប់ និងទន់ដៃទន់ជើងទាំងនោះ ត្រូវបានបញ្ជូនទៅពេទ្យសុខាបែកចាន ភ្លាមៗ ដោយក្រៅពីកម្មករដែលដួលសន្លប់ ក៏មានកម្មករខ្លះបានក្អួតចង្អោរតាមផ្លូវផងដែរ៕

Advertising