(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង និងជាប្រធានអនុសាខាកាកបាទក្រហកកម្ពុជា ស្រុកមណ្ឌលសីមា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ និងបានផ្តល់ទឹកសុទ្ធ ភេសជ្ជៈរួមទាំងថវិកាលោក ប៊ុន លើត អភិបាលខេត្ត និងថវិកាអនុសាខាកាកបាទក្រហកកម្ពុជាស្រុកមណ្ឌលសីមា ផ្តល់ជូនស្រ្តីម្នាក់ឈ្មោះ មុជ មាច អាយុ៦០ឆ្នាំ និងប្តីឈ្មោះ សុខ លាង អាយុ៥៤ឆ្នាំ ដែលមានជម្ងឺប្រចាំការ រស់នៅតំបន់ដាច់ស្រយ៉ាល។

ស្រ្តីជាប្រពន្ធ មានជម្ងឺប្រចាំកាយ រាប់ខែមកហើយ ដោយពួកគាត់មានជីវភាពក្រីក្រ និងរស់នៅឆ្ងាយពីទីរួមខេត្ត ភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ លោក ហាក់ ឡេង បានថ្លែងថា កាលពីម្សិលមិញ លោកបានទទួលព័ត៌មានថា មានបងប្អូនប្រជាពលរដ្ឋរស់ភូមិកោះប៉ោរមានជម្ងឺឈឺធ្ងន់ធ្ងរ និងមានជីវភាពក្រីក្រ រស់នៅដាច់ស្រយ៉ាលពីគេ។

ក្រោយពីទទួលព័ត៌មានភ្លាម លោកក៏រាយការណ៍ទៅលោកអភិបាលខេត្ត ពេលនោះលោកអភិបាលខេត្ត បានបញ្ជាភ្លាមយកអូរប័រដឹកគាត់ មកមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។ លោកបានបន្តថា សម្រាប់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកតាមមូលដ្ឋាន ឲ្យតែក្រុមការងារលោកទទួលបានព័ត៌មាន គឺយើងតែងតែទៅដល់ទីនោះភ្លាម ដោយមិនគិតយប់ ឬថ្ងៃភ្លៀងធ្វើយ៉ាងជួយគាត់សិន។

ការជួយប្រជាពលរដ្ឋ គឺជួយទាំងអស់ មិនប្រកាន់និន្នាការនយោបាយណាមួយឡើយទោះ បីជនជាតិបរទេសក៏អាជ្ញាធរយើង យកចិត្តទុកដាក់ដែរ។

លោកបានបន្តទៀតថា ក្រោយពីការផ្តល់ទឹកសុទ្ធ ភេសជ្ជៈ ជូនដល់ប្រជាពលរដ្ឋមួយគ្រួសារមួយនេះ លោកក៏បានផ្តល់ជូនដល់បុរស២នាក់ទៀត ដែលមានជីវភាពក្រីក្រ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។ ជនរងគ្រោះទី១-ឈ្មោះ រស់ សុខន អាយុ៦៤ឆ្នាំរស់ភូមិកោះប៉ោរ និងទី២-ឈ្មោះ សាង នេ អាយុ៦៩ឆ្នាំ ជាមន្រ្តីសាខាកាកបាទក្រហកម្ពុជាខេត្តកោះកុង។

លោក ម៉ែន សាមេត មន្រ្តីមន្ទីរពេទ្យបង្អែកខេត្តបានឲ្យដឹងថា អ្នកជំងឺដែលមកដល់មន្ទីរពេទ្យខេត្ត ហើយបុគ្គលិកគ្រប់រូបតែងយកចិត្តទុកដាក់ខ្លាំងដោយមិនគិតថា អ្នកមានអ្នកក្រនោះទេ ព្រោះជាតួនាទីរបស់គ្រូពេទ្យ។

លោកថា ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន មានការជួបបញ្ហាអី្វមួយ ឲ្យតែខាងមន្ទីរពេទ្យដឹង គឺទៅទទួលភ្លាមហើយអ្នកជំងឺមើលទៅស្ថានភាពធ្ងន់ធ្ងរ យើងអាចបញ្ជូនទៅភ្នំពេញ ឬប្រទេសថៃ ទៅតាមចំណូលក្រុមគ្រួសារអ្នកជំងឺ៕