(ភ្នំពេញ)៖ សម្មិទ្ធផលនានាដែលមានតម្លៃរាប់ម៉ឺនដុល្លារ ស្ថិតនៅក្នុងវត្តក្តីចាស់ ខណ្ឌជ្រោយចង្វារ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក ឃ្លាំង ហួត អភិបាលខណ្ឌ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ ព្រះចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នៅក្នុងវត្តមួយនេះ ត្រូវបានអាជ្ញាធរខណ្ឌ រួមជាមួយពុទ្ធបរិស័ទរួមគ្នា ជួយកសាងសម្មិទ្ធផលជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ ដើម្បីចូលរួមលើកកម្ពស់ និងតម្កើងវិស័យព្រះពុទ្ធសាសនា កាន់តែរីកចម្រើនខ្លាំងឡើង។

នៅក្នុងពិធីនោះអភិបាលខណ្ឌ បានលើកឡើងនូវការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ និងជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងនៅក្របខណ្ឌទូទាំងប្រទេស។

ក្រោយបញ្ចប់ពិធីសំណេះសំណាលរួចមក លោកអភិបាលខណ្ឌ ចែកអំណោយមួយចំនួនដល់ ព្រះសង្ឃ ប្រជាពលរដ្ឋ ដែលបានចូលរួមផងដែរ៕