(ភ្នំពេញ)៖ លោក ប៊ុន ហុន ប្រធានគណៈមេធាវីកម្ពុជា បានប្រាប់អង្គភាព Fresh news ឱ្យដឹងថា ការសម្រេចលុបឈ្មោះ លោក ស៊ុន សំអុល ចេញពីគណៈមេធាវី ពេលនេះគឺដោយសារតែ លោក ស៊ុន សំអុល បានបំពានទៅនឹងក្រមសីលធម៌វិជ្ជាជីវៈមេធាវី។

ប្រធានគណៈមេធាវីរូបនោះបានបន្តថា ការសម្រេចនេះ ធ្វើឡើងទៅតាមច្បាប់ និងលក្ខន្តិកមេធាវី ហើយលោក ស៊ុន សំអុល ក៏មានការពាក់ព័ន្ធនឹង ការចោទប្រកាន់ជាច្រើន ផងដែរជុំវិញការបំពេញភារកិច្ចរបស់ខ្លួន។

ទោះជាយ៉ាងណា លោក ប៊ុន ហុន បានបញ្ជាក់ថា លោក ស៊ុន សំអុល អាចប្តឹងទៅតុលាការឧទ្ធរណ៍ ក្នុងរយៈពេល២ខែ បើសិនជាលោក មិនពេញចិត្តទៅនឹងសេចក្តីសម្រេច របស់ប្រធានគណៈមេធាវីពេលនេះ។

សូមបញ្ជាក់ថា គណៈមេធាវីនៃកម្ពុជា កាលពីម្សិលមិញ បានចេញសេចក្តីសម្រេចលុបចោលឈ្មោះ មេធាវី ស៊ុន សំអុល ចេញពីបញ្ជីគណៈមេធាវីចាប់ពីថ្ងៃចេញសេចក្តីសម្រេច នេះតទៅ។ លោក ស៊ុន សំអុល ជាមេធាវី កាន់អត្តលេខ ៦៨៨ និងបានបំរើការជាមេធាវីពេញសិទ្ធនៅឆ្នាំ២០១០ មានទីលំនៅប្ច្ចុប្បន្ន ស្ថិតនៅសង្កាត់ បឹងកក់២  ខណ្ឌទួលគោក  រាជធានីភ្នំពេញ៕