(ភ្នំពេញ)៖ គិតត្រឹមថ្ងៃចូលវស្សាប៉ុន្មានថ្ងៃមុននេះ ទំនាស់ដ៏រ៉ាំរ៉ៃរវាងចៅអធិការវត្ត សាលព្រឹក្ស ឃុំ ពាមមានជ័យ ស្រុកពាមរ ខេត្ត ព្រៃវែង ព្រះតេជគុណ ជា សុភាព និងគណៈកម្មការនៃវត្តនេះ បានឈានដល់ដំណាក់កាលមេគណខេត្ត ព្រៃវែង បានសម្រេចដាក់ឱសានុវាទឱ្យចៅ​អធិការ វត្តខាងលើ លប់បំបាត់ ការចូលរូបស្នងបារមីពុំនោះទេ នឹងត្រូវប្រើកម្លាំងសមត្ថិកិច្ច​និមន្ត​ចៅអធិការរូបនេះ​ចេញពីវត្ត ឬចាប់ផ្សឹកចាកបព្វជិតភាវៈ។

ប៉ុន្តែព្រះតេជគុណ ជា សុភាព ដែលជាចៅអិការវត្ត សាលព្រឹក្ស បានប្រតិកម្មទាំងមិនពេញចិត្តថា «ការវិនិច្ឆ័យរបស់ព្រះមេគណខេត្ត គឺជារឿងអគតិដោយសារ លោកមិនបាន​ថ្លែងថ្លែងរក​ខុសត្រូវ ព្រោះថា បណ្តឹងរបស់គណៈកម្មការជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយនេះ គឺដោយសារតែគណៈកម្មការទាំងនោះ ធ្លាក់តំណែង និង បាត់បង់លាភសក្ការៈ ដោយសារតែអ្នក​ទាំងនោះលែង ត្រូវបានអនុញ្ញាតឱ្យគ្រប់គ្រង លុយការបស់វត្តតែប៉ុណ្ណោះ ទើបបង្ករឿង។ មកបង្ខំអាត្មាភាពឱ្យ លាចាកសិក្ខាតើ អាត្មាភាពមានកំហុសចំណុចណា ហើយត្រូវអាត្តិ ឬ មានទោសកម្រិតណា?»

សូមបញ្ជាក់ថា អធិករណ៍ក្នុងវត្តខាងលើនេះកើតឡើងតាំងពីឆ្នាំ ២០០៣ មកម៉្លេះ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះមានអ្នកស្នងរូបម្នាក់ជាស្ត្រីមានរូបសម្បត្តិ សមសួន វ័យប្រមាណជា ៣០ ឆ្នាំប្លាយ ដែល​អះអាងថា ជាតំណាងបារមីព្រះអង្គដងកើ បានទៅបញ្ចូលរូបនៅក្នុងវត្តនេះ រៀងរាល់ថ្ងៃសីលរួចក៏ត្រឡប់មក ភ្នំពេញវិញ ។ ប៉ុន្តែអំឡុងពេលបញ្ចូលរូបក្នុងវត្តនេះ ស្ត្រីជាអ្នកស្នងរូបម្នាក់នេះ បានទៅស្នាក់នៅ និង ធ្វើពិធីបញ្ចូលរូប និង រៀបគ្រឿងសក្ការបូជានៅក្នុងព្រះវិហារ ខណៈដែលព្រះចៅអធិការវត្តក៏គង់នៅក្នុងព្រះវិហារនោះដែរ ទើបត្រូវចោទថាចៅអធិការរូបនេះ​មានទំនាក់ទំនងស្នេហា​ប្រុសស្រី​ជាមួយស្ត្រីអ្នកស្នងរូបខាងលើ។

ប៉ុន្តែចាស់ទុំដែលជាអ្នកស្នាក់នៅក្នុងវត្តខាងលើនេះ ហើយអះអាងថាជាអ្នកដែលតែងនៅជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃជាមួយស្ត្រីស្នងរូបនេះបានអះអាងថា ចៅអធិការ និង ស្ត្រីអ្នកស្នងរូបនោះ គ្មានទំនាក់ទំនង​ស្នេហាទេ ព្រោះគាត់តែងតែនៅជាប់ជិតដិតជាមួយស្ត្រីអ្នកស្នងរូបបារមីនេះជានុច្ច ។ ចំណែកពុទ្ធបរិស័ទចំណុះ​ជើងវត្តខាងលើនេះ បានលើកឡើងថា ពួកគាត់គាំទ្រ និង ចង់ឱ្យភិក្ខុ ជា សុភាព បន្តគង់នៅជាព្រះចៅអធិការវត្តនេះតទៅទៀត ប៉ុន្តែចង់ឱ្យរៀបចំឱ្យស្ត្រីស្នងរូបម្នាក់នេះកុំស្នាក់នៅ និង ធ្វើពិធីបញ្ចូលរូបក្នុងព្រះវិហារតទៅទៀតតែប៉ុណ្ណោះ ។ រីឯ​ព្រះសង្ឃដែលជាសមាជិក​សង្ឃគង់នៅក្នុងវត្ត ហើយក៏ជាអ្នកចូលរួមចាត់ចែង និង សម្រេចចិត្តការងារក្នុងសាល​ព្រឹក្សនេះដែរនោះ បានពន្យល់ថា ពុទ្ធបរិស័ទមួយចំនួនមិនបានដឹងការពិត ទើបជឿតាមការញុះញ់ង់​របស់ពួក​គណៈកម្មការដែលបាត់បង់លាភសក្ការៈពីវត្ត ។

ព្រះសង្ឃរូបនេះ បានបកស្រាយពីមូលហេតុដែលចៅអធិការ និង ស្ត្រីអ្នកស្នងរូបទៅគង់និងស្នាក់​នៅក្នុងព្រះវិហារយ៉ាងដូច្នេះថា កាលពីមុន ចៅអធិការគង់នៅក្នុងកុដិ ប៉ុន្តែកុដិនោះលិចទឹក ទើបទៅគង់នៅក្នុងព្រះវិហារ ។ ចំណែក​ស្ត្រីអ្នកស្នងរូប ដើមឡើយ បានស្នាក់នៅ និង ធ្វើពិធីនៅឯសាលាធម្មសភា ឬ​សាលាឆាន់ឯណោះទេ ប៉ុន្តែមានជនខិលខូច ប៉ុនប៉ងបៀតបៀន ទើបរើទៅស្នាក់​នៅធ្វើពិធីនៅក្នុងព្រះវិហារ ដើម្បីសុវត្ថិភាពតែប៉ុណ្ណោះ ។

ចៅអធិការវត្តសាលព្រឹក្ស ភិក្ខុ ជា សុភាព បានលើកឡើងថា ការដែលលោក ក៏ដូចជាស្ត្រីស្នងរូបស្នាក់នៅក្នុងព្រះវិហារនេះ គឺគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះបច្ចុប្បន្នព្រះតេជគុណ កំពុងសម្រុក កសាងសាលាឆាន់ឱ្យរួចរាល់ រួចនឹងជួសជុលកុដិ នឹងបានទៅគង់នៅក្នុងកុដិវិញ ហើយនឹងរៀបចំឱ្យមានទីសមរម្យណាមួយដាច់ដោយឡែកសម្រាប់អ្នកស្នងរូប ។ បន្ទាប់ទៅនឹងរៀបចំជួសជុល និង កសាងសាលាសម្រាប់កុមារកូនអ្នកស្រុកបន្តទៀត ហើយថាវត្តមានរបស់អ្នកស្នងរូបនៅក្នុងវត្តនេះពិតជាមានប្រយោជន៍ដល់ការស្ថាបនាថាវរវត្ថុនានាក្នុងវត្ត៕