(សៀមរាប)៖ នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ សហការជាមួយកម្លាំងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ នៃស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិ មិនគោរពតាមការសន្យាថា រុះរើដោយខ្លួនឯងតាមការកំណត់។

យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ មាត្រា៤ បានបញ្ជាក់ថា តំបន់ឧទ្យានបុរាណវត្ថុ ត្រូវការពារ (តំបន់២) មានសំណល់បុរាណវត្ថុត្រូវការពារ ទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់នេះមានសារៈសំខាន់ចម្បង ព្រោះជាតំបន់ទ្រនាប់ សម្រាប់ការពារ រមណីយដ្ឋានមានប្រាសាទ។ ម្យ៉ាងទៀត ខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋានអ្នកប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ មាត្រា១ ​បានបញ្ជាក់យ៉ាងច្បាស់ថា ដីធ្លីទាំងអស់ដែលស្ថិតនៅក្នុងតំបន់១ និងតំបន់២ គឺជាដីសាធារណៈរបស់រដ្ឋ ដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទងនឹងករណីដកហូត រុះរើសំណង់ខុសច្បាប់ខាងលើ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ បានលើកឡើងថា សំណង់ទ្វារដែកដែលក្រុមការងារចុះទៅរុះរើនេះ មានប្រវែង៣.៥០ម៉ែត្រ(ទ្វារ២ផ្ទាំង) កម្ពស់២.៥០ម៉ែត្រ មានម្ចាស់ឈ្មោះ លេក ចំរើន មុខងារជានគរបាលទេសចរណ៍ ក្រៅពីសាងសង់របងទ្វារដែក ដោយមិនមានសុំលិខិតអនុញ្ញាត ពីអាជ្ញាធរជាតិអប្សរា លោក ចំរើន ក៏បានធ្វើរបងស៊ីម៉ង់ហ៊ុមព័ទ្ធដីឡូត៍របស់គាត់រួចហើយដែរ ក្នុងបំណងបម្រុងនឹងសាងសង់លំនៅដ្ឋាន ហើយនេះជាទង្វើមួយដែលខុសពីច្បាប់ ដែលបានកំណត់នៅក្នុងតំបន់ឧទ្យានអង្គរ។

លោក គង់ មរកត ក៏បានបញ្ជាក់បន្ថែមថា ស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ប្រការ២ គឺអ្នកស្រុកអង្គរដែលរស់នៅក្នុងតំបន់១ និងតំបន់២ គឺមានសិទ្ធិរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះ និងរស់នៅយូរលង់ណាស់ មកហើយក្នុងតំបន់នេះ អាចរស់នៅបន្តទៀតបាន ដោយមិនមានការដេញចេញពីភូមិដ្ឋានឡើយ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រង និងចាត់ចែងដីធ្លីតាមរូបភាពផ្ទេរមរតក ទៅឱ្យញាតិសន្តាន ឬលក់ឱ្យអ្នកភូមិផង ជាមួយគ្នាបាន តែហាមឃាត់លក់ឱ្យអ្នកចំណូលថ្មី ឈ្មួញដី ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញ។

បន្ថែមពីនោះលោក សឿន ធី ប្រធានគោលដៅ១ប្រចាំការនៅសង្កាត់គោកចក បានឲ្យដឹងថា មុននឹងរុះរើទ្វារដែកនេះ អាជ្ញាធរជាតិអប្សរា ​បានជូនដំណឹងទៅម្ចាស់សំណង់ និងធ្វើកិច្ចសន្យា លាយលក្ខណ៍រួមគ្នារួចមកហើយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទុកឱកាសឲ្យគាត់រុះរើដោយខ្លួនឯង តាមការស្នើសុំរបស់សាមីខ្លួន។ ក្នុងនោះដែរ ម្ចាស់សំណង់ ក៏បានព្រមព្រៀង ហើយទទួលស្គាល់ថា ខ្លួនពិតជាកំពុងសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាត ពីអាជ្ញាធរជាតិអប្សរាពិតមែន ព្រមទាំងយល់ព្រមបញ្ឈប់សកម្មភាពសាងសង់បន្តទៀត និងរុះរើដោយខ្លួនឯង នៅថ្ងៃទី២៦នេះ តែដល់ថ្ងៃកំណត់ម្ចាស់សំណង់បែរជា មិនធ្វើតាមការសន្យាទើបក្រុមការងារត្រូវអនុវត្តទៅតាមច្បាប់ ដោយមិនអាចលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ៕