(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានចេញមកច្រានចោលរាល់ព័ត៌មានទាំងឡាយ ដែលបានចោទប្រកាន់ថាកម្ពុជា ជាអ្នកជំទាស់ មិនឲ្យដាក់​សាលក្រមតុលាការមជ្ឈត្តិកម្មឡាអេ ក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៤៩ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។

លោក ជុំ សន្ទរី បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ហ្វីលីពីនខ្លួនឯងបានទទួលស្គាល់ថា បញ្ហាសមុទ្រចិនខាងត្បូង ជាជម្លោះរវាងចិន និងហ្វីលីពិនមិនមែនជាជម្លោះរវាងអាស៊ាន ជាមួយចិននោះឡើយ ហើយហ្វីលីពីន ក៏ជាអ្នកស្នើឲ្យដកសាលក្រម របស់តុលាការមជ្ឈត្តិកម្មលើ បញ្ហាសមុទ្រចិនខាងត្បូង ចេញពីសេចក្តីការណ៍រួមរបស់អាស៊ាន។

ថ្លែងក្នុងសន្និសីទព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងពេលអមដំណើរទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា មកពីចូលរួមប្រជុំនៅប្រទេសឡាវ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ជុំ សុន្ទរី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអាស៊ានបូក បញ្ហាសមុទ្រចិនខាងត្បូង និងប្រទេសសមាជិកអាស៊ាន ត្រូវបានលើកយកទៅពិភាក្សា ហើយប្រទេសសមាជិកអាស៊ាន សុទ្ធតែត្រូវបានឲ្យឡើងសម្តែងមតិជុំវិញជម្លោះសមុទ្រចិនខាងត្បូងនេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា ការមិនដាក់បញ្ចូលសាលក្រម របស់តុលាការមជ្ឈត្តិកម្មឡាអេ លើបញ្ហាសមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន ទៅក្នុងសេចក្តីថ្លែងការណ៍រួមអាស៊ាន មិនមែនកម្ពុជាជាអ្នកជំទាស់នោះទេ គឺហ្វីលីពីនខ្លួនឯងជាអ្នកស្នើឲ្យដកចេញ។

លោក ជុំ សុន្ទរី បានបញ្ជាក់យ៉ាងដូច្នេះ «សូមជម្រាបជូនថា រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ខ្លួនឯងបានទទួលស្គាល់ថា បញ្ហានេះជាបញ្ហារវាងហ្វីលីពិន ជាមួយចិនពុំមែនជាបញ្ហារវាងអាស៊ានជាមួយចិនទេ។ ហើយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីនខ្លួនឯង ជាអ្នកសម្រេចសុំឲ្យដកចេញ មិនដាក់សាលក្រមរបស់តុលាការមជ្ឈត្តិកម្មទីក្រុងឡាអេ ទៅក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី៤៩ របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន។ ដូច្នេះមិនមែនមកពីកម្ពុជាវេតូ ឬជំទាស់នោះទេ»

លោក ជុំ សុន្ទរី ក៏បានច្រានចោលផងដែរ ចំពោះការចុះផ្សាយថា កម្ពុជាព្យាយាមមិនឲ្យមានការលើកឡើងពីជម្លោះសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ លោក ជុំ សុន្ទរី បានបញ្ជាក់ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន តែបានលើកឡើងពីជម្លោះសមុទ្រចិនខាងត្បូង ដោយទាមទារឲ្យភាគីពាក់ព័ន្ធរួមគ្នាបន្ថយកម្តៅឲ្យបានខ្ពស់ និងមិនត្រូវរួមគ្នាដុតកម្តៅឲ្យកាន់តែក្តៅនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅនេះ តុលាការមជ្ឈត្តិកម្មឡាអេ ប្រទេសហូឡង់បានសម្រេចចេញសាលក្រមសម្រេច ឲ្យហ្វីលីពីនឈ្នះក្តីលើប្រទេសចិនក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ តុលាការនេះបានលើកឡើងថា ប្រទេសចិនមិនមានបុព្វសិទ្ធិណាមួយទៅគ្រប់គ្រងនៅតំបន់មានជម្លោះនោះឡើយ។ ការប្រកាសនេះត្រូវបានប្រទេសចិន ប្រកាសច្រានចោល មិនគោរពតាម និងបានហៅការប្រកាសនេះជាអំពើមួយដ៏អយុត្តិធម៌។

ក្នុងសំណុំរឿងជម្លោះសមុទ្រចិនខាងត្បូងរវាងប្រទេសចិន ជាមួយប្រទេសហ្វីលីពិន និងវៀតណាម រួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀត តែងមានការលើកឡើងមួយចំនួនថា កម្ពុជាជាអ្នកធ្វើឲ្យខូចគោលការណ៍អាស៊ាន ព្រោះតែកម្ពុជាមានភាពលំអៀងទៅរកភាគីចិន។

ការចោទប្រកាន់ទាំងនេះ ត្រូវបានកម្ពុជាច្រានចោលជាបន្តបន្ទាប់។ កាលពីថ្ងៃទី២០ ខែមិថុនា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត និងមន្រ្តីនៃសាលាភូមិន្ទរដ្ឋបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសជំហយ៉ាងច្បាស់ថា កម្ពុជា មិនគាំទ្រការចេញសេចក្តីថ្លែងការណ៍របស់តុលាការមជ្ឈត្តិកម្មឡាអេក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដែលប្តឹងដោយហ្វីលីពីនជាឯកតោភាគីនោះឡើយ។  

សម្តេចតេជោអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះ ដោយប្រើយន្តការអាស៊ាន-ចិន ដើម្បីអនុវត្តឲ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីភាគីក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC), ខិតខំតាក់តែងក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) រវាងអាស៊ាន-ចិន និង ប្រទេសពាក់ព័ន្ធត្រូវដោះស្រាយ ដោយជជែកពិភាក្សាគ្នា៕