(អាមេរិក)៖ ក្រុមហ៊ុន Apple នៅថ្ងៃនេះ​បានប្រកាសឲ្យដឹងថា នៅត្រីមាសទី៣នេះ ខ្លួនលក់ស្មាតហ្វូន​បាន ៤០,៤លានគ្រឿង លើសពីការរំពឹងទុករបស់អ្នកវិភាគ ប៉ុន្តែទាបជាងត្រីមាសមុខ។ នេះបើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន Wall Street Journal នៅថ្ងៃទី២៧ ខែកក្កដា។

កាលពីត្រីមាសដូចគ្នាឆ្នាំ ២០១៥ ក្រុមហ៊ុន Apple លក់ស្មាតហ្វូនបាន ៤៧,៥លានគ្រឿង ប៉ុន្តែនៅឆ្នាំនេះ បែរជាធ្លាក់ចុះ ហើយការធ្លាក់ចុះនេះ ក៏ជាប្រវត្តិសាស្ត្រមួយសម្រាប់ក្រុមហ៊ុន Apple ផងដែរ ព្រោះថា​កន្លងមក ពុំធ្លាប់ជួបករណីនេះឡើយ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា ទីផ្សារភាគហ៊ុនរបស់ Apple បានកើនឡើងដល់ ១០២​,៩ដុល្លារអាមេរិក ក្នុងមួយហ៊ុន ដោយបានកើនឡើងពី ១០០ដុល្លារអាមេរិក ក្នុងមួយហ៊ុន ខណៈដែល​វត្តមាន​ iPhone ថ្មីនឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះ៕